រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះសួរសុខទុក្ខ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងបាននាំយកជំនួយ ជា សម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់ នៅការដ្ឋាន សម្រាប់ប្រើប្រាសតាមដងផ្លូវមួយចំនួនមកប្រគល់ជូន មន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ។

លោក ប៉េង ពោធិ៍នា បានកោតសសើរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ដែលខិតខំអនុវត្តន៍ការងារ បានយ៉ាងល្អ នាពេលកន្លងមក។

ព្រមជាមួយគ្នានេះ លោកក៏បាន ក្រើនរំលឹក នូវចំណុចមួយចំនួន ដើម្បីជម្រុញឲ្យមានប្រសិទ្ធភាព លើវិស័យសាធារណៈការ ដូចជាត្រូវពង្រឹងម៉ោងការងារ របៀបរបបការងារ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជួយគ្នាទៅវិញទៅមក រៀនសូត្រ សិក្សាបន្ថែម ពិសេសវិស័យ បច្ចេកវិទ្យាព័ត៌មាន លើកសរសើរ លើកទឹកចិត្ត ត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវសាធារណ តាមដាន និងអនុវត្តន៍ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺឆ្នាំ២០២៤ ជាឆ្នាំពង្រឹងសមិទ្ធផល ដែលមាន ជាជាងពង្រីក ពង្រឹងនិងពង្រីកសហការដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ជំរុញការផ្សព្វផ្សាយពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ផ្តល់សេវាសាធារណៈ អនុវត្តតាមខ្លឹមសារ ៖ <<មន្ត្រីរាជការជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ>> និងត្រូវតាមដានស្តាប់ និងដោះស្រាយបញ្ហាប្រឈម របស់ពលរដ្ឋ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ក៏បាននាំយក នូវសម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគ័រចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ៤០០បាវ ប្រគល់ជូនឱ្យ មន្ទីរ សម្រាប់ប្រើប្រាស់លើការងារ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ ព្រមទាំងបានឧបត្ថម្ភថវិកាដល់មន្ត្រីសាធារណៈការទាំងអស់ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង នេះផងដែរ។

ចំណែក លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងនូវគម្រោងពង្រីកផ្លូវក្រុងសួងចំនួន ០៣ម៉ែត្របន្ថែមទៀត នៅឆ្នាំ២០២៥ និងគម្រោងបន្ថែមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ១បន្ថែមទៀត នៅលើកំណាត់ផ្លូវជាតិលេខ ៧១សេ ដែលកំពុងស្ថាបនា ដើម្បីកាត់បន្ថយការដឹកលើសទម្ងន់កំណត់ ដែលជាប្រភពធ្វើឲ្យខូចគុណភាពផ្លូវ។ ក្នុងនោះ លោកក៏បានសំណូមពរដល់លោករដ្ឋមន្ត្រី សូមជួយបង្កើនគម្រោងស្ថាបនា ថែទាំ និងជួសជុលបន្ថែមទៀត ខណៈផ្លូវខ្លះត្រូវបានខូចធ្ងន់ធ្ងរ ចំពោះមុខជាចាំបាច់ បានធ្វើការជួសជុល ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន របស់លោកមួយចំនួនដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

លោក គី ដាណារិទ្ធ ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា ចំពោះផ្លូវក្រោមការគ្រប់គ្រងមន្ទីរ មានប្រវែងសរុប ១១៣,៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិ មានផ្លូវជាតិលេខ៧, លេខ៨, លេខ១១, ៧០បេ, ៧១សេ, ៧២ និង៧៣។ ក្នុងនោះ ផ្លូវខេត្ត មានចំនួន ៤៣ខ្សែ និងផ្លូវក្រវ៉ាត់ព្រំដែន មាន១ខ្សែ ក្រាលដីលាយថ្ម ប្រវែង ១៤៤គីឡូម៉ែត្រ។ ចំពោះផ្លូវបេតុង មាន៤៩កន្លែង, ស្ពានដែកបេឡេត៍ ០៨កន្លែង លូប្រអប់ ១៨២កន្លែង, លូមូលទទឹងផ្លូវ ៩៨៧កន្លែង និងលូបណ្តោយផ្លូវ មាន៤៤កន្លែង។ក្នុងនោះ គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ ការងារថែទាំផ្លូវជាប្រចាំ មានចំនួន ១៦ខ្សែ ប្រវែង ៤៥៩ គីឡូម៉ែត្រ និងជួសជុល ថែទាំខួប នៅលើកំណាត់ផ្លូវជាតិលេខ៧ និងលេខ១១ និងផ្លូវខេត្តផងដែរ។ ព្រមទាំងបន្តអនុវត្តន៍ការងារ ទទួលបានលទ្ធផល កាន់តែល្អប្រសើរ លើការងារដឹកជញ្ជូនផ្លូវគោក, ការងារសុវត្ថិភាពចរាចររណ៍ផ្លូវគោក និងការងារត្រួតពិនិត្យរថយន្តដឹកទំនិញលើសទម្ងន់៕

អត្ថបទដែលជាប់ទាក់ទង