កម្មករ​រោងចក្រ​​មួយ​ចំនួន ​ពេញ​ចិត្ត​នឹង​​សេវា​ពេទ្យ​ដៃគូ​ ប.ស.ស

រាជធានីភ្នំពេញ ៖ កម្មករ​រោងចក្រ​​មួយ​ចំនួន​ សម្ដែង​ក្ដី​រីករាយ​ ចំពោះ​ការ​បម្រើ ​របស់​សេវា​ពេទ្យ​​ ដែល​ជា​ដៃគូ​​បេឡាជាតិ​របប​សន្តិសុខ​សង្គម ឬហៅ​កាត់​ថា ប.ស.ស ក្រោយ​ពី​ពួកគេ​ បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ ដោយ​ឥត​គិត​ថ្លៃ ទាំង​ពេទ្យ​រដ្ឋ និង​ឯកជន។

ពួកគេ​សាទរ​ និង​លើក​ទឹកចិត្ត​ដល់​កម្មករ​គ្រប់​រូប​ ឱ្យប្រើ​សេវា​ពេទ្យ​ប.ស.ស​នេះ នៅគ្រប់​ពេល ​ដែល​ខ្លួន​មាន​ជំងឺ​ដង្កាត់ និង​ត្រូវ​ការ​ថ្នាំ​សង្កូវ ដើម្បី​ប្រើ​សេវា​នេះ ​ឱ្យ​អស់​លទ្ធភាព និង​សន្សំ​សំចៃ​ថវិកា​ផង។

កម្មករ​រោងចក្រ​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ការ​នៅ​រោងចក្រ វ៉ាយ អែន ដាប់ប៊យូ (Y & W) នៅ​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ លោក ឈាវ ស៊ុយទ្រី ដែល​ទើប​វះកាត់​ដក​ដែក​ចេញ​ពី​ជើង នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា សូវៀត (ហៅ​ពេទ្យ រុស្សី) ថ្លែង​ប្រាប់​សារព័ត៌មាន “​កម្ពុជា​ថ្ងៃ​នេះ” ​ថា លោក​សប្បាយ​ចិត្ត​ណាស់ ក្រោយ​ទទួល​បាន​ វះកាត់​ដក​ដែក ​ដែល​អប​ឆ្អឹង​ជើង ជាង ៥​ឆ្នាំ​ហើយ បាន​ដោយ​ជោគជ័យ និង​សុវត្ថិភាព។ ហើយថា ក្រោយ​វះកាត់​ បាន ១​ខែ រូបលោក​បាន​ចូល​ធ្វើ​ការងារ​ ក្នុង​រោងចក្រ​វិញ​បាន​ធម្មតា។ ប៉ុន្តែ ត្រូវ​ប្ដូរ​រោងចក្រ ដោយសារ​អតីត​រោងចក្រ​លោក​ធ្វើ​ការ​បាន​បិទ​ទ្វារ​ក្ស័យធន។

លោក ឈាវ ស៊ុយទ្រី បាន​រៀបរាប់​ទាំង​ទឹក​មុខ​រីករាយ ​លាយ​នឹង​កែវ​ភ្នែក​សើម​ជាប់​នឹង​ប្រស្រី ដោយ​បញ្ជាក់​មួយៗ​ថា ដោយសារ​មានបណ្ណ​ ប.ស.ស​នេះ ទើប​រូូបលោក​អាច​មាន​លទ្ធភាព​ វះកាត់​ដក​ដែក​ចេញ​ពី​ជើង ដែល​​បាន​គ្រោះថ្នាក់​ដួល​ម៉ូតូ​ បាក់​ភ្លៅ ជាង ​៥​ឆ្នាំ​កន្លងមកលហើយ។

លោក ស៊ុយទ្រី ថ្លែង​ទាំង​លើក​ដៃ​អរគុណ​ដល់ ​រដ្ឋាភិបាល​ ដែល​បង្កើត​កម្មវិធី​ជួយ​សម្រួល​ដល់​ ពលរដ្ឋ​ខ្វះខាត អាច​ទទួល​បាន​សេវា​សុខភាព​ល្អ​ប្រសើរ​ ដូច​អ្នក​មាន​ធនធាន​គ្រប់គ្រាន់​ដែរ។

លោក ឈាវ ស៊ុយទ្រី ថ្លែង៖ «ខ្ញុំ​នៅ​ទ្រាំ​ដេក​អោប​ដែក​នៅ​ជើង​នេះ​ យូរ​ឆ្នាំ​ហើយ តែ​បាន​ ប.ស.ស​ របស់​រដ្ឋ​ជួយ​សម្រួល​ដល់​ខ្ញុំ និង​គ្រួសារ​យ៉ាងច្រើន។ ខ្ញុំ​សង្ឃឹម​ថា បងប្អូន​ខ្មែរ​យើង​នឹង​ប្រើ​ ប.ស.ស​ គ្រប់​គ្នា ដើម្បី​ទទួល​បាន​ សេវា​ពេទ្យ​ល្អ ដូច​ខ្ញុំ​អ៊ីចឹង»។

អតីត​កម្មការិនី​រោងចក្រវ៉ាយ អែន ដាប់ប៊យូ (Y & W) នេះ​ដែរ លោកស្រី ចាន់ ស៊ីថន បាន​រៀបរាប់​ថា សេវា​ពេទ្យ​ដៃគូ​ ប.ស.ស បាន​ជួយ​សេដ្ឋកិច្ច​លោកស្រី​ច្រើន​ណាស់ ជា​ច្រើន​ឆ្នាំ​មក​នេះ។ លោកស្រី​ថា ជា​កម្មករ​រោងចក្រ​ពុំ​សូវ​មាន​ថវិកា​សល់​ច្រើន​ ទៅ​ពេទ្យ​ឯកជន ពេល​មាន​ជំងឺ​ម្ដងៗ​ទេ ត្បិត​ថា លោកស្រី​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ត្រូវ​ផឹក​ថ្នាំ​ជា​ប្រចាំ​ផង។ ប៉ុន្តែ លោកស្រី​ថា ក្រោយ​ពេល​រោងចក្រ​ ដែល​លោកស្រី​ធ្វើ​ការ​បាន​ក្ស័យធន លោកស្រី​បាន​ជួល​ផ្ទះ​គេ​ លក់​អីវ៉ាន់​ចាប់ហ៊ួយ​តិចតួច ដូច្នេះ​លោកស្រី​នៅ​បារម្ភ​ថា ពេល​ឈឺ​ថ្កាត់​ត្រូវ​ចូល​ដេក​ពេទ្យ លោកស្រី​នឹង​ពុំ​មាន​លទ្ធភាព​បង់​សេវា​ពេទ្យ​ឡើយ ដូច្នេះ​លោកស្រី​កំពុង​ពិចារណា​ប្រើ​សេវា​ទិញ​ ប.ស.ស​ជា​កញ្ចប់​បុគ្គល​ខ្លួន​ឯង និង​បង់​ប្រចាំ​ខែ តាម​គោលការណ៍ ​ដែល​កំណត់​ជា​ផ្លូវការ។

លោកស្រី ចាន់ ស៊ីថន ថ្លែង​ថា «ខ្ញុំ​លឺ​ថា ពេល​នេះ ​ប.ស.ស មាន​សេវា​ថ្មី ទោះ​មិន​ធ្វើ​ការ​រោងចក្រ​ដូច​មុន ក៏​អាច​ទិញ​កញ្ចប់​សេវា​សុខភាព​សង្គម​ របស់​ប.ស.ប​ បាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ ដូច​កាល​ខ្ញុំ​នៅ​ធ្វើ​ការ​រោងចក្រ​ដូច្នេះ​ដែរ»។

បច្ចុប្បន្ន​បេឡាជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) បាន​ពង្រីក​​សេវា​គាំពារ​បន្ថែម ដើម្បី​បម្រើ​ជូន​ដល់​ពលរដ្ឋ​ទូទៅ​ ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ឯកជន​គ្រប់​ប្រភេទ។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា បុគ្គល​ស្វ័យ​និយោជន៍ ហើយ កម្មវិធី​នេះ​ គាំទ្រ​រាល់​បុគ្គល​ដែល​ធ្វើ​ការ​រក​ប្រាក់​ចំណូល​ ដោយ​ខ្លួនឯង មិន​មាន​ពាក់ព័ន្ធ​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្ស ពី​និយោជក ឬ​ស្ថាប័ន​រដ្ឋ​តាម​កិច្ចសន្យា​ការងារ​ឡើយ។

តាមរយៈ​កម្មវិធី​នេះ​ ពលរដ្ឋ​មាន​សិទ្ធិ​អាច​ទទួល​បាន​ការ​ការពារ​ពី​ ប.ស.ស​គ្រប់​ពេល និង​ដោយ​ស្ម័គ្រចិត្ត។ លក្ខខណ្ឌ​កម្មវិធី​ ប.ស.ប ​បុគ្គល​ស្វ័យ​និយោជន៍​នេះ គឺ​តម្រូវ​ឱ្យ​ពលរដ្ឋ​មាន​​អាយុ​ក្រោម ៦០​ឆ្នាំ។

ចំណែក​ការ​ចុះ​ឈ្មោះ គឺ​គ្រាន់​តែ​ទៅ​កាន់​ការិយាល័យ​ ប.ស.ស​ គ្រប់​រាជធានី​-ខេត្ត​ ក្រុង-​ស្រុក​-ខណ្ឌ និង​បំពេញ​ព័ត៌មាន ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ប៉ុណ្ណោះ។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្មវិធី​ប.ស.ស បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​សុខាភិបាល​ ក្នុង​ស្រុក​យ៉ាង​ច្រើន បើ​ទោះ​បីជា​ពេល​កន្លង​ទៅ អ្នក​ប្រើ​សេវា​ ប.ស.ស​ ធ្លាប់​បាន​រិះគន់​ពី​ការ​រើសអើង​ របស់​អ្នក​ផ្ដល់​សេវា​សុខាភិបាល​មួយ​ចំនួន​ក្ដី។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ដល់​មន្ត្រី​រាជការ អាច​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​ប.ស.ស. ជូន​ប្តី ឬ ប្រពន្ធ និង​កូន​ក្នុង​បន្ទុក​គ្រួសារ​មន្ត្រី​រាជការ ដោយ​មិន​បង់​ថ្លៃ​សេវា។ សម្ដេច​បាន​សរសេរ​ ក្នុង​ទំព័រ​ហ្វេសប៊ុក​ របស់​លោក​ថា អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប.ស.ស. ដូច​ជាប្តី ឬ​ប្រពន្ធ និង​កូន ក៏​អាច​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​សមាជិក ប.ស.ស. បាន​ដែរ ដោយ​ចំណាយ​ត្រឹមតែ ១៥ ៦០០រៀល​ប៉ុណ្ណោះ ក្នុង ១ខែ នោះ​នឹង​ទទួល​បាន​ការ​ថែទាំ​សុខភាព​ ពេញ ២៤ម៉ោង លើ ២៤ម៉ោង នៅ​គ្រប់​មន្ទីរពេទ្យ​ ដែល​ជា​ដៃគូ ​ប.ស.ស. ទូទាំង​ប្រទេស រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ផង​ដែរ។

កម្មវិធី​ ប.ស.ស ជា​គោលនយោបាយ​សន្តិសុខ​សង្គម ​របស់​រាជរដ្ឋាភិបាល បាន​ចូល​រួមចំណែក​យ៉ាង​សំខាន់​ ដល់​គោលនយោបាយ​ កាត់បន្ថយ​ភាព​ក្រីក្រ និង​ជា​ប្រតិបត្តិករ​តែមួយ​គត់​ដែល​ធ្វើ​ប្រតិបត្តិការ​ របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ ដែល​បង្កើត​ដោយ​ព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ​២០២០។

គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២៣ បេឡាជាតិ​សន្តិសុខ​សង្គម​មាន​សមាជិក​សរុប​ជិត​ ២​លាន​នាក់ (១.៩៤៥.៧៩៥ ក្នុង​នោះ​សមាជិក​ក្នុង​វិស័យ​ឯកជន​មាន​ចំនួន ១.៤៩១.៦១៣នាក់។

ចំណែក​សមាជិក ប.ស.ស. ជា​បុគ្គល​ស្វ័យ​និយោជន៍​ មាន​ជាង ២​ម៉ឺន​នាក់ (២០.០៣១)៕ ដោយ ៖ អ៊ុង សេរីវុទ្ធ

 

អត្ថបទដែលជាប់ទាក់ទង