ភ្ញៀវទេសចរជាតិ មកកម្សាន្តឆ្នេរអូរឈើទាល បន្តរិះគន់ពីតម្លៃម្ហូបអាហារ និងភេសជ្ជៈ មានតម្លៃខ្ពស់នៅហាង៨៨៨

ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាតិមួយក្រុម ដែលបានចូលទៅកម្សាន្ត និងអង្គុយទទួលទានម្ហូបអាហារ និងភេសជ្ជៈ នៅហាង ៨៨៨ នៃឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ “លាហើយ ហាង 888ឆ្នេរ អូរឈើទាល ស្រាបៀរ ហានុមាន ១កេះ 72$ ថ្លៃម្ល៉េះ។ នេះខ្ញុំអ្នកនៅកំពង់សោមផង ថ្លៃដើម20$ យកចំណេញពាក់កណ្ដាលមិនថាទេ តែនេះ ថ្លៃជាង KTV ទៀត។ ពេលសួរទៅចុះត្រឹម 50$ មិត្តភក្តិមកលេងពីភ្នំពេញថា ថ្ងៃក្រោយមកទិញអាហារខ្លួនឯង អង្គុយក្រោមដើមឈើវិញល្អជាង”។

វាមិនមែនជាលើកទី១ទេ ដែលហាង ៨៨៨ លក់ម្ហូបអាហារ និងភេសជ្ជៈ ក្នុងតម្លៃខ្ពស់ ឬហៅម្យ៉ាងទៀតលក់កោរភ្ញៀវ ព្រោះជាបន្តបន្ទាប់មកនេះ ក៏មានភ្ញៀវទេសចរជាតិ បានរិះគន់ជាបន្តបន្ទាប់មកហើយដែរ..។

ភ្ញៀវបន្តថា បន្ទាប់ពីហៅឱ្យគិតលុយ បើភ្ញៀវ មិនបានផ្ទៀងផ្ទាត់ តម្លៃក្នុងវិក័យបត្រទេ គឺដឹងតែដាក់តម្លៃលើស ឬលក់កោរហើយ..។

ត្រង់ចំណុចនេះ ភ្ញៀវជាតិជាច្រើន ក៏ធ្លាប់បានរិះគន់ ចំពោះការលក់តម្លៃម្ហូបអាហារ និងភេសជ្ជៈ នៅហាង ៨៨៨ ថាបានដាក់តម្លៃលើស ឬលក់កោរតម្លៃពីពួកគេ ប៉ុន្តែនៅពេលយកវិក័យបត្រមកតវ៉ា ឬពិនិត្យ ទើបអ្នកគិតលុយ កែតម្រូវជូនភ្ញៀវ តែបើមិនបានពិនិត្យមើល វិក័យបត្រ ឱ្យត្រឹមត្រូវទេ ដឹងតែស៊ីដាច់ហើយ..។

ផ្តើមពីបញ្ហានេះ ភ្ញៀវទេសចរ ក៏បានក្រើនរំលឹកទៅថៅកែ ឬម្ចាស់ហាង ៨៨៨ ត្រូវកែតម្រូវឥរិយាបទ ឬកំហុសឆ្គង អ្នកគិតលុយ របស់ខ្លួន ឱ្យបានត្រឹមត្រូវ។ ជាពិសេស សូមស្នើដល់ថ្នាក់ដឹកនាំ តាមមន្ទីរ ស្ថាប័នជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ ជួយពិនិត្យលើបញ្ហា ដែលកើតមាននៅ ហាង ៨៨៨ និងហាងដទៃទៀត ដែលតែងលក់កោរតម្លៃម្ហូបអាហារ និងភេសជ្ជៈ ពីភ្ញៀវ ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប៉ះពាល់ ដល់វិស័យទេសចរណ៍ ចូលមកទស្សនា នៅតាមតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នាថ្ងៃអនាគត។

យ៉ាងណា ក្រោយផ្ទះការរិះគន់ នៅតាមបណ្តាញហ្វេសប៊ុក ម្ចាស់ហាង ៨៨៨ បានចេញសេចក្ដីបំភ្លឺជម្រាបជូនសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ តាមខ្លឹមសារថា ៖ ” ក្នុងករណីខាងលើ ខាងហាង ៨៨៨ មានមីនុយតារាងតម្លៃច្បាស់លាស់ ក្នុងការបង្ហាញជូនភ្ញៀវ ដែលមកទទួលទានពិសាអាហារពិនិត្យមើលជាមុនៗ នឹងព្រមព្រៀងគ្នា ក្នុងការបម្រើសេវាកម្មម្ហូបអាហារ ដែលមានហាង ៨៨៨។ ដូច្នេះ ហាង ៨៨៨ មានបញ្ជាក់តម្លៃត្រឹមត្រូវ ទាំងស្រាបៀ និងម្ហូបអាហារ មុននឹងភ្ញៀវហៅទទួលទាន គឺបាន (ព្រមព្រៀងគ្នា រវាងអ្នកបម្រើសេវា និងអ្នកទទួលសេវាកម្មម្ហូបអាហារ)។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់គោលការណ៍ហាង ៨៨៨ ពេលញាំគ្រប់ ១កេះ ស្រាបៀ គឺនឹងបញ្ចុះតម្លៃបន្ថែមអូតូ។ ហើយពាក្យ ភ្ញៀវ តវ៉ា គឺមិនពិតទេ បើសិនជាភ្ញៀវគាត់ពិតជាត្រឹមត្រូវ គឺគាត់ដឹងតម្លៃពេលមុនគាត់ហៅពិសាហើយ។ អាចមើលនៅក្នុងវិក័យប័ត្រ នឹងបាន គឺ 6+6+6+6=24 (មានន័យថាបានកម្ម៉ង់ម្ដង 6) ពេលគាត់កម្ម៉ង់ គាត់បានឃើញតម្លៃជាស្រេច៕

អត្ថបទដែលជាប់ទាក់ទង