បងប្អូនបង្កើតទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកសុី ប្អូនប្រុសយកកាំបិតចាក់បងប្រុសស្លាប់

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា មានករណីឃាតកម្ម មួយកើតឡើង បង្កឡើងដោយបុរសម្នាក់ បានយកកាំបិតចុងស្រួចចាក់សម្លាប់បងប្រុសបង្កើត របស់ខ្លួននៅបន្ទប់ជួល នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យក្នុងឃាតកម្មនេះ ឈ្មោះ ប៉ុន ភារម្យ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានយកកាំបិតចិតបន្លែចុងស្រួច ដងជ័រពណ៌លឿង ចាក់ទៅលើឈ្មោះ ប៉ុន ភារិទ្ធ ត្រូវជាបងបង្កើត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ សន្តិសុខឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ក្បែរគ្នា ត្រូវក្រោមក្លៀកខាងស្តាំ ០១កាំបិត , ដើមដៃស្តាំ០១កាំបិត បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ប៉ុន ភារម្យ បានសារភាពថា «ខ្លួនពិតជាបានយកកាំបិតចិតបន្លែ ចុងស្រួចចេញពីបន្ទប់របស់ខ្លួន មកចាក់ទៅលើបងប្រុសបង្កើតឈ្មោះ ប៉ុន ភារិទ្ធ ពិតប្រាកដមែន ដោយមូលហេតុគាត់បានយកកាំបិតផ្គាក់ មករកកាប់ខ្ញុំមុនក្នុងពេលផឹកសុីស្រវឹងទាស់ពាក្យសំដីគ្នា ដែលមានគ្នា ៣នាក់ ជាមួយប្រពន្ធគាត់ នៅមុខបន្ទប់គាត់»។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវកម្លាំងជំនាញ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីឈានទៅកសាងសុំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង