សមត្ថកិច្ចបំបែកសំណុំរឿង អគ្គិភ័យឆេះសណ្ឋាគារ អន្តរជាតិ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបំបែកសំណុំរឿងអគ្គិភ័យ ឆេះសណ្ឋាគារ អន្តរជាតិ នៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ថ្មីៗនេះ ដែលបណ្តាលឱ្យបុរសជនជាតិចិនម្នាក់ឆេះស្លាប់ ដោយបញ្ជាក់ថា ករណីនេះជារឿងឃាតកម្ម។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ថា បច្ចុប្បន្នក្រោមកិច្ចសហការពី កម្លាំងសមត្ថកិច្ចចម្រុះ និងផ្នែកជំនាញពាក់ពន្ធ័ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរម្នាក់ ដែល សមត្ថកិច្ចអះអាងថា ជាអ្នកចាក់ប្រេងដុតទៅលើជនរងគ្រោះ បង្កទៅជាអគ្គិភ័យឆេះរលាកជនរងគ្រោះ និងរាលដាលឆេះផ្នែកខាងក្រោម ក្នុងសណ្ឋាគារអន្តរជាតិនោះ ប៉ុន្តែបានរលត់ទៅវិញក្រោយ សមត្ថកិច្ចចម្រុះ និងក្រុមសង្គ្រោះអន្តរាគមន៍ជួយពន្លត់។

គួរបញ្ជាក់ថា ក្រោយកើតហេតុជនសង្ស័យ (ដែលទើបចាប់បាននេះ) បានរត់គេចខ្លួន។ ចំណែក ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែដោយសារស្ថានភាពរលាកធ្ងន់ធ្ងរ ជនរងគ្រោះក៏បានស្លាប់នៅពេលបន្ទាប់។

ករណីនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីទៅលើជនសង្សយ័តាមផ្លូវច្បាប់៕ សំ រ៉ា

អត្ថបទដែលជាប់ទាក់ទង