អភិបាលខេត្តកណ្ដាល ជួបសួរសុខទុក្ខជាមួយ មន្ត្រីរាជការ នៃរដ្ឋបាលក្រុងសំពៅពូន
ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាក្រុងសំពៅពូន មានរៀបចំពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ នៃរដ្ឋបាលក្រុងសំពៅពូន ក្រោមអធិបតីភាព លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាល លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ដេីម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូន ប្រជាពរដ្ឋ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់មូលដ្ឋានក្រុង របស់ខ្លួន។
លោក អភិបាលខេត្ត បន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ចំពោះបទល្មេីសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនេីង និងគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់ ជាមួយគ្នានេះត្រូវដឹកនាំមន្រ្តីជំនាញ រដ្ឋបាលបម្រេីសេវារដ្ឋបាលជូន ប្រជាពលរដ្ឋ ឱ្យបានល្អប្រសេីរ ក្នុងនៃនេះចៅសង្កាត់ មេប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ ត្រូវបង្កេីនសកម្មភាពបម្រេីសេវាសាធារណៈជូន ប្រជាពលរដ្ឋ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូន ប្រជាពលរដ្ឋ ដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។
ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ណែនាំដល់រដ្ឋបាលក្រុង ត្រូវសហការជាមួយ អង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់បំផុតលេីការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន។ ជម្រុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដេីម្បីងាយស្រួល ក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន នឹងអាចឈានទៅបង្កេីតជាផ្លូវខ្សែក្រវ៉ាត់ព្រំដែន។ ត្រូវខិតខំចលនា ប្រជាពលរដ្ឋផ្តល់ការរាយការណ៍មកកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ ដោយផ្តល់ការសម្របសម្រួល ភាពងាយស្រួល និងការសម្ងាត់ជូនប្រជាពលរដ្ឋ ដែលបានរាយការណ៍ ហើយត្រូវចាត់ទុកថា ប្រជាពលរដ្ឋ គឺជាអ្នករាយការណ៍ដ៏សំខាន់ រាល់ភាពអសន្តិសុខទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ សង្កាត់ ឬប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានបណ្តឹងពី ប្រជាពលរដ្ឋច្រេីនជាងគេ គឺជាអង្គភាព ដែលបានផ្តល់ភាពកក់ក្តៅជូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់ខ្លួន៕