រដ្ឋមន្ត្រី ហែម វណ្ណឌី ជួបជាមួយមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តត្បូងឃ្មុំ ដើម្បីបន្តនិរន្តរភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំផងដែរ ។
នាឱកាសនោះ លោក ហែម វណ្ណឌី បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចការងារ ប្រកបដោយស្មារតីម្ចាស់ការ បានយ៉ាងល្អប្រសើរ គួរជាទីមោទៈ នាពេលកន្លងមក ក្នុងការងារបម្រើប្រជាពលរដ្ឋ ។
លោកបន្តថា ក្រសួង មានមន្ទីរ ជាសេនាធិការផ្ទាល់ លើការងារសម្របសម្រួលជាមួយបណ្ដាស្ថាប័ន មន្ទីរអង្គភាពជំនាញ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្ត តាមរយៈការផ្សព្វផ្សាយ ណែនាំ អនុវត្តគោលនយោបាយ ជាយុទ្ធសាស្ត្រ ទិសដៅ និងផែនការរួម របស់ក្រសួង គ្រប់គ្រងការងាររដ្ឋបាល និងសម្របសម្រួល សកម្មភាពគ្រប់ផ្នែក ។ ហើយការងារបច្ចេកទេស របស់មន្ទីរ គឺបានចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង និងការងារប្រតិភូកម្ម ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយធ្វើការតាមដាន ជំរុញការងារឧស្សាហកម្ម សិប្បកម្ម និងការងារទឹកស្អាត នៅតាមបណ្តាក្រុង/ស្រុក ទទួលបានជោគជ័យ ។
លោក ហែម វណ្ណឌី បានបញ្ជាក់ថា ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗ ស្របតាមសេចក្តីណែនាំរបស់ក្រសួង ស្ថាប័នជំនាញ សហការជាមួយក្រសួង ដោយអនុវត្តការងារបច្ចេកទេស និងសុវត្ថិភាព ឧស្សាហកម្ម សហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យ STI បានចូលរួមគាំទ្រ ផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម SME, STI ទឹកស្អាត សម្របសម្រួល និងអនុវត្តការងារស្តង់ដារ និងមាត្រាសាស្ត្រផងដែរ។
លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ បន្តអនុវត្តការងារបម្រើសេវាសាធារណៈ ធ្វើជាសេនាធិការឱ្យរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ស្រុក/ក្រុង ទៅតាមតួនាទីភារកិច្ច និងបង្កើនចំណងសាមគ្គីផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ធានាឱ្យការងារ ដំណើរការទៅមានភាពរលូន តម្លាភាព និងមានប្រសិទ្ធភាព។
បន្ថែមលើនេះ ត្រូវចុះត្រួតពិនិត្យតាមក្រុមហ៊ុនឯកជន ដែលកំពុងធ្វើអាជីវកម្មទឹកស្អាតជូនប្រជាពលរដ្ឋ ថាតើត្រឹមត្រូវតាមស្តង់ដាដែរឬទេ? ព្រោះបើទឹកមិនស្អាត វានឹងបង្កផលប៉ះពាល់ដល់សុខភាព បរិស្ថាន និងអនាមយ័ក្នុងការរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក ប៉ែន កុសល្យ បានលើកឡើងថា ខេត្តត្បូងឃ្មុំ មានសក្តានុពលជាច្រើន លើគ្រប់វិស័យ ពិសេសផ្នែកសេដ្ឋកិច្ច ក្នុងនោះ ពាណិជ្ជកម្ម កសិកម្ម កសិឧស្សាហកម្ម ដែលបានធ្វើឲ្យខេត្តមានការរីកចម្រើន និងមានការអភិវឌ្ឍន៍ ដោយបានលើកស្ទួយកំណើនសេដ្ឋកិច្ចខេត្ត និងប្រជាពលរដ្ឋមានកម្រិតជីវភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៕