លោក ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានកែលម្អផ្លូវ និងពិនិត្យការងារ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភរិយា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៦,៥៧០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន និងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ផងដែរ។
នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាល បច្ចុប្បន្ន កំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ បន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដើម្បីកម្ពុជា អាចសម្រេចចក្ខុវិស័យជាប្រទេស មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ “។
ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាល បានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកម្ពុជា លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចូលរួមថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស និងសូមកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតធ្វើបាតុកម្ម បង្កើតបដិវត្តន៍ពណ៌ របស់ក្រុមជ្រុលនិយម មួយក្តាប់តូច និងសូមជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជា។
បន្ទាប់ពីពិធីបើកការដ្ឋានរួច លោករដ្ឋមន្ដ្រី និងប្រតិភូអមដំណើរ បានដឹកនាំមន្ដ្រីបច្ចេកទេស ទៅពិនិត្យវឌ្ឍនភាព និងស្ថានភាពផ្លូវចំនួន ២ខ្សែ ខ្សែទី១, ការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១១,២៣៦គីឡូម៉ែត្រ។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ទៅដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ ដែលគិតមកដល់ពេលនេះសម្រេចលទ្ធផលបាន ៥៨,៣២ ភាគរយ និងខ្សែទី២, ការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១៤,០៣៦គីឡូម៉ែត្រ។ ផ្លូវនេះ តភ្ជាប់ពីភូមិជីពាំង ឃុំជីពាំង ស្រុកពញាក្រែក ទៅដល់ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកដំបែរ ដែលបានស្ថាបនាចប់ជាស្ថាពរ កាលពីខែឧសភា ឆ្នាំ២០២៤។
ខ្សែផ្លូវទាំង ២នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ ដោយប្រើប្រាស់មូលនិធិកិច្ចប្រតិបត្តិការ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
តមកទៀត លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ ក៏បានអញ្ជើញទៅត្រួតពិនិត្យវឌ្ឍនភាពការអភិវឌ្ឍដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅតាមព្រំដែន ស្ថិតក្នុងឃុំទ្រៀក ស្រុកមេមត់ និងបានណែនាំឱ្យមន្ដ្រីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សាងសង់អណ្ដូងស្នប់ ចំនួន ១៥អណ្ដូង និង សាងសង់បង្គន់អនាម័យ ចំនួន ១០៦បង្គន់ ជូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅតំបន់នោះផងដែរ៕