ពលរដ្ឋ សំណូមពរដល់អាជ្ញាធរ ជួយស្ថាបនាផ្លូវមួយខ្សែ នៅក្បែរវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ តាមការសន្យា

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅតាម បណ្ដោយផ្លូវក្រួសក្រហមមួយខ្សែ ក្បែរវិមានឯករាជ្យ ស្ថិតនៅចំកណ្ដាលក្រុងសែនមនោរម្យ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ស្នើសុំអាជ្ញាមូលដ្ឋាន មេត្តាជួយស្ថាបនាផ្លូវល្អមួយខ្សែ សម្រាប់ពួកគាត់ធ្វើដំណើរ និងបង្កភាពងាយស្រួលដល់ ក្មេងៗទៅសាលាជាប្រចាំថ្ងៃផង។

ពលរដ្ឋរស់នៅតាមដងផ្លូវនោះ បានរៀបរាប់ថា ផ្លូវគ្រួសក្រហមមួយខ្សែដែលកំពុងរងខូចខាតពិបាកធ្វើដំណើរ ហើយមានស្ថានភាពហ៊ុយខ្លាំង នៅរដូវប្រាំង និងរអិលដូចចាក់ខ្លាញ់ក្នុងរដូវវស្សា គឺស្ថិតនៅចំកណ្ដាលក្រុងសែនមនោរម្យតែម្ដង។ ផ្លូវនេះ គឺបំបែកចេញពីចំណុចវិមានឯករាជ្យ ជាផ្លូវក្រវ៉ាត់រមណីយដ្ឋានភ្នំដោះក្រមុំ ដ៏ល្បីល្បាញ និងជាផ្លូវមួយខ្សែ ដែលអាចធ្វើដំណើរទៅឆ្ពោះទៅរមណីយដ្ឋានសមុទ្រឈើផងដែរ។

ពលរដ្ឋទាំងនោះ បន្តថា ស្ថានភាពផ្លូវនេះ នៅរដូវប្រាំងគឺ ហុយខ្លាំងតែម្ដង ចំណែករដូវវស្សាវិញ មានភាពរអិល នាំឱ្យអ្នកបើកបរដួលម៉ូតូញឹកញាប់ទម្រាំធ្វើដំណើរទៅដល់ផ្ទះ។

ប្រជាពលរដ្ឋ បញ្ជាប់ទៀតថា ផ្លូវមួយខ្សែខាងលើនេះ អាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់សន្យាថា នឹងជួយស្ថាបនាផ្លូវបេតុងជូនពួកគាត់ប្រើប្រាស់ ប៉ុន្តែរងចាំអស់រយៈពេលជាយូរមកហើយ មិនឃើញអាជ្ញាធរមូលដ្ឋាន ចុះស្ថាបនាផ្លូវបេតុងជូនពួកគាត់ប្រើប្រាស់ តាមការសន្យានោះទេ ។

ពួកគាត់ ក៏បានសំណូមពរអាជ្ញាធរ និងមន្ត្រីមូលដ្ឋាន សូមជួយស្ថាបនាផ្លូវបេតុងឆាប់ៗ ជូនពួកគាត់ប្រើប្រាស់ផង ព្រោះថា ពួកគាត់មានការលំបាកខ្លាំង។

ផ្លូវមួយខ្សែ ដែលបំបែកចេញពីចំណុចវិមានឯករាជ្យ ឆ្ពោះតាមជើងភ្នំដោះក្រមុំ ទៅរមណីយដ្ឋានសមុទ្រឈើ និងភូមិឡៅការ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋច្រើនកុះករ តែងធ្វើដំណើរឆ្លងកាត់រៀងរាល់ថ្ងៃ ហើយផ្លូវមួយខ្សែនេះ ប្រសិនមានការស្ថាបនាជាផ្លូវបេតុងល្អស្អាតមែននោះ ក៏ផ្ដល់ភាពងាយស្រួលច្រើន ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ធ្វើដំណើរ ពិសេសរថយន្តដឹកទំនិញកសិផលនានា ព្រោះស្ថានភាពផ្លូវនេះមិនមានសភាពចោទខ្លាំង ដូចផ្លូវចាស់មួយខ្សែទៀត ដែលត្រូវធ្វើដំណើរឡើងកំពូលភ្នំដោះក្រមុំតែម្ដង។

ទាក់ទិនសំណូមពរ របស់ពលរដ្ឋ ខាងលើនេះ ចៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ លោកស្រី នេត ឆាយា បានបញ្ជាក់ថា ចំពោះផ្លូវមួយខ្សែនេះ អាជ្ញាធរមូលដ្ឋានត្រៀមស្ថាបនា នៅចុងឆ្នាំនេះ

ហើយបច្ចុប្បន្ន ក្រុមជាងបានដឹកជញ្ជូនលូទៅពង្រាយតាមដងផ្លូវបណ្ដើរៗហើយ ដើម្បីស្ថាបនាជូនពលរដ្ឋ។

គួររំលឹកថា ចំពោះផ្លូវមួយខ្សែនេះកាលពីប៉ុន្មានឆ្នាំមុន អាជ្ញាធរមូលដ្ឋានធ្លាប់បានឈូសឆាយពង្រីក កែសម្រួលម្ដងរួចហើយ ប៉ុន្តែដោយសារជា ប្រភេទផ្លូវគ្រួសក្រហម ទើបបណ្ដាលឱ្យខូចបែបនេះ។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់សន្យាជាមួយ ពលរដ្ឋច្រើនលើករួចមកហើយ ថានឹង ស្ថាបនាផ្លូវបេតុងជូន ពលរដ្ឋប្រើប្រាស់ ប៉ុន្តែផែនការនេះ បានពន្យារហូត មិនទាន់បានស្ថាបនានៅឡើយ គិតមកដល់ដើមខែកញ្ញា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង