លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិត អ្នកនេសាទ៣នាក់ ដែលលិចទូកលើលម្ហសមុទ្រ
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប័រល្បឿនលឿនចំនួន ០២គ្រឿង សហការជាមួយ កម្លាំងសមត្ថកិច្ច បានចេញទៅជួយសង្គ្រោះ ប្រជានេសាទ ចំនួន ០៣នាក់ ដែលរងគ្រោះលិចទូក នៅលើលម្ហសមុទ្រ។
ទូកនេសាទមួយគ្រឿងនោះ មានពណ៌ត្រួយចេក មានបណ្តោយប្រវែង ១៥ម៉ែត្រ និងទទឹងប្រវែង ៤ម៉ែត្រ ហើយបានលិចនៅចំណុចខាងក្រៅកោះដំឡូង ប្រហែល ១ម៉ៃ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់ មានចំនួន ០៣នាក់។ មានតៃកុងទូកម្នាក់ និងកម្មករទូក ០២នាក់ ក្រោយកើតហេតុ ពួកគាត់បានហែលទឹកឡេីងមកលើ កោះដំឡូង បន្ទាប់មកត្រូវបានជួយសង្គ្រោះ នាំមកកាន់ដីគោក ដោយសុវត្ថិភាព។
ជនរងគ្រោះទាំង ០៣នាក់ មានឈ្មោះ៖
១- ឈ្មោះ ពេជ្រ ថ្មី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរតៃកុងទូក មានស្រុកកំណេីតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
២- ឈ្មោះ ទន់ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណេីតនៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
៣- ឈ្មោះ សៀម វិជ័យ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណេីតភូមិរបោះខ្ទម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។
តាមការរៀបរាប់ របស់ជនរងគ្រោះបានឲ្យដឹងថា មូលហេតុដែលនាំឲ្យលិចទូក គឺបណ្តាលមកពីឧបករណ៍បូមទឹក របស់មាសុីនទូកខូច និងចំពេលរលកធំៗទៀត ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។
ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ នៅកម្ពុជា ឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលទាមទារឲ្យអ្នកធ្វើតាមសមុទ្ រមានការប្រុងប្រយ័ត្នខ្ពស់ ពីសុខសុវត្ថិភាព របស់ខ្លួន៕