កម្ពុជា គម្រោងអភិវឌ្ឍផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យក្លាយជាផ្លូវរថភ្លើងល្បឿនលឿន ដោយប្រើទុនជាង ៤ពាន់លានដុល្លារ


រាជធានីភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋម នៃការសិក្សាលើគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេនៅកម្ពុជា ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។

គម្រោងនេះ មានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍ គឺ ១៦០គ.ម/ម៉ោង និងមានស្ថានីយសរុបចំនួន ៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន ១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែរថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញ សម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែតនេះ ផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ។

គម្រោងនេះ នឹងក្លាយជាផ្លូវដែកល្បឿនលឿន ស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ហើយក៏ជាខ្សែផ្លូវ ដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង