ព្រឹកថ្ងៃអាទិត្យនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការសាងសង់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញពិនិត្យ សមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ទី៣ នៅខេត្តព្រះសីហនុ។
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ខាងលើនេះ មានទីតាំងនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ គ្រោងបញ្ចប់ការសាងសង់ នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខ ក្នុងទឹកប្រាក់ប្រមាណ ២០លានដុល្លារ។
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយការសាងសង់ឡើង ក្នុងគោលបំណង ដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។
បច្ចុប្បន្ន ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកខ្វាក់ចំនួន៣ ទីតាំងហើយ ដែលស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ៥,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។
ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយប្រព្រឹត្តកម្មនេះ បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើន នាពេលខាងមុខ ដោយមានស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងអ្នករួមចំណែក ដល់ការថែរក្សាបរិស្ថាន៕