រថយន្តម៉ាក Rang Rover សេរីទំនើបមួយគ្រឿងទៀត ពេលកំពុងបើកបរសុខៗ ក៏ត្រូវឆ្លងចរន្តភ្លើងឆេះសល់តែគ្រោងឆ្អឹង
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណី រថយន្តមួយគ្រឿងម៉ាក Rang Rover ពណ៌ ស ស្លាកលេខ កម្ពុជា FCAI 1668 ត្រូវបានឆាបឆេះជាអគ្គិភ័យ បំផ្លាញអស់គ្មានសល់ ពោល គឺនៅសល់តែគ្រោងឆ្អឹង ទោះបីរថយន្តពន្លត់អគ្គិភ័យ នៃស្នងការរដ្ឋានខេត្តនេះ បានចេញទៅជួយពន្លត់ ក៏ពន្លត់មិនទាន់ដែរ។
ហេុតការនេះ កើតឡើង កាលពីម៉ោង ១ និង៣០នាទី យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងពេលកំពុងបើកបរ តាមផ្លូវមួយកន្លងក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ត្រង់ចំណុចម្តុំផ្លូវ៤០ម៉ែត្រ នាក្រុងព្រះសីហនុ។
សមត្ថកិច្ចបន្តថា ដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេក គឺក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យ មិនអាចជួយសង្គ្រោះរថយន្ត ដែលឆាប់ឆេះនោះបានទេ ហើយក៏ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ។
សមត្ថកិច្ចពន្លត់អគ្គិភ័យ ឲ្យដឹងបន្តថា ម្ចាស់រថយន្ត ដែលត្រូវភ្លើងឆេះខាងលើ ឈ្មោះ ទាវ គឹមភាវ ហើយចំពោះមូលហេតុ នាំឲ្យកើតជាអគ្គិភ័យឬភ្លើងឆាបឆេះ គឺបណ្តាលមកពីរថយន្តនេះ ធ្លាយធុងប្រេង រួចក៏ឆ្លងចរន្តបង្កើតជាអគ្គិភ័យកើតឡើងភ្លាមៗ៕