ក្រុមកម្មករ-កម្មការិនី ស្នើសុំថ្នាក់ដឹកនាំខេត្តព្រះសីហនុ ជួយអន្តរាគមន៍បើកច្រក ចេញចូលតំបន់សេដ្ឋកិច្ចពិសេស តភ្ជាប់ជាមួយផ្លូវក្នុងភូមិ ដើម្បីងាយស្រួលចេញចូលធ្វើការងារ
ខេត្តព្រះសីហនុ៖ ក្រុមកម្មករ កម្មការិនី និងប្រជាពលរដ្ឋជាង ២០០គ្រួសារ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសំណូមពរដល់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ជួយអន្តរាគមន៍បើកផ្លូវចេញចូលពីមូលដ្ឋាន ដែលពួកគាត់កំពុងរស់រនៅ តភ្ជាប់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលធ្វើការ ងារ របស់ពួកគាត់ និងកាត់បន្ថយការកកស្ទះចរាចរណ៍។
លោក យុន រតនា តំណាងប្រជាពលរដ្ឋ និងកម្មករ កម្មការិនីជាង ២០០គ្រួសារ រស់នៅនៅភូមិពូធឿង ឃុំបិតត្រាំង បានឱ្យដឹងថា មូលដ្ឋានភូមិពូធឿង ជាតំបន់មានទីតាំងនៅជាប់របងគ្នា ជាមួយរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ហើយក៏ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើនផងដែរ។ លោកបន្តថា ប្រជាពលរដ្ឋរស់នៅតំបន់នេះ ភាគច្រើន បានបំរើការងារជាកម្មកររោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះតែម្តង។
តំណាងរូបនេះ ឱ្យដឹងទៀតថា ស្ទើរជារៀងរាល់ថ្ងៃ ការធ្វើដំណើរតាមផ្លូវក្នុងភូមិពូធឿង តែងតែកកស្ទះចរាចរណ៍ និងបង្ករគ្រោះថ្នាក់ចរាចរណ៍ជាហូរហែ ជាពិសេសអំឡុងពេលក្រុមកម្មករ កម្មការិនី ចេញទៅធ្វើការ និងពេលវិលត្រឡប់ពីកន្លែងធ្វើការវិញ។
ក្រុមកម្មករ-កម្មករកម្មការនី បានលើកឡើងដូចៗគ្នាថា ដោយសារពួកគាត់ មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរ និងមានការកកស្ទះចរាចណ៍ស្ទើរជារៀងរាល់ថ្ងៃ និងត្រូវដើរវាងឆ្ងាយ ហើយប្រឈមគ្រោះថែមទៀតនោះ ទើបពួកគាត់ សំណូមពរដ៏ទទូចដល់ លោក សាយ សំអាល់ និងលោក គួច ចំរើន ជួយអន្តរាគមន៍បើកផ្លូវចេញចូល ត្រង់ចំណុចក្បែរអាគារស្នាក់នៅកម្មករកម្មការិនី ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ ឱ្យបានប្រើសើរជាងពេលបច្ចុប្បន្ន។ ដ្បិតរាល់ថ្ងៃនេះ រាល់ការចេញចូលទៅបម្រើការងារ នៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស របស់កម្មករកម្មការិនីមួយចំនួនធំ គឺមិនមានមធ្យោបាយផ្ទាល់ខ្លួនទេ ដោយអ្នកខ្លះត្រូវចំណាយលុយជិះម៉ូតូឌុប និងអ្នកខ្លះទៀត ត្រូវធ្វើដំណើរដោយថ្មើជើង ហើយត្រូវធ្វើដំណើរវាងឆ្ងាយពីកន្លែងស្នាក់នៅ ឆ្ពោះទៅរោងចក្រ និងវិលពីរោងចក្រត្រឡប់មកកន្លែងស្នាក់នៅវិញ។
ត្រង់ចំណុចនេះ លោក យុន រតនា តំណាងប្រជាពលរដ្ឋ និងកម្មករ កម្មការិនីជាង ២០០គ្រួសារ រស់នៅភូមិពូធឿង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នា២០២៣នេះ មានរយៈពេលជាង ០៣ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋ និងកម្មករ កម្មការិនីពួកគាត់ បានដាក់ការស្នើរសុំទៅកាន់ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកព្រៃនប់ ដើម្បីឱ្យជួយអន្តរាគមន៍បើកច្រកចេញចូល ក្នុងតំបន់សេដ្ឋកិច្ចពិសេស តភ្ជាប់ជាមួយផ្លូវក្នុងភូមិដែលមានស្រាប់ ក៏ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលទេ។
ជុំវិញបញ្ហានេះ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្នើរសុំបើកផ្លូវខាងលើនេះ ភាគីខាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស នៅមិនទាន់សម្រេចថាបែបណានៅឡើងទេ។ ដោយសារតែ នាយកក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងបើកកិច្ចប្រជុំ ដើម្បីដាក់ការស្នើរសុំទៅក្រុមប្រឹក្សាភិបាល ព្រោះវាពាក់ព័ន្ធ និងសន្តិសុខសុវត្ថិភាព ក្នុងតំបន់រោងចក្រសេដ្ឋកិច្ចពិសេសទាំងមូល។
ទោះជាបែបនេះក្តី ក្រុមកម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋរស់នៅភូមិពូធឿង មានជំនឿថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នឹងពិចារណា នូវកង្វល់ ក៏ដូចជាសំណូមពរ របស់ពួកគាត់ ឈានទៅជួយអន្តរាគមន៍បើកផ្លូវចេញចូលពីមូលដ្ឋាន ដែលពួកគាត់កំពុងរស់រនៅ តភ្ជាប់ចូលទៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលធ្វើការងារ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕ ដោយ៖ ហ្វារីត