កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានហក់ខ្ពស់ នៅថ្ងៃទី០១ ខែសីហា
ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរជំ បានឱ្យដឹងថា កម្ពស់ទឹកស្ទឹងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ បានចាប់ផ្ដើម ហក់ឡើង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដោយជំនន់ទឹកភ្លៀង។
បច្ចុប្បន្ន ផ្ទះប្រជាពលរដ្ឋខ្លះ ដែលតាំងទីនៅជិតមាត់ស្ទឹងពោធិ៍សាត់ បានជន់លិចខ្លះៗ ទៅហើយ ក៏ប៉ុន្តែស្ថានភាពទឹកស្ទឹង នៅមិនទាន់ដល់កម្រិត ប្រកាសអាសន្ននៅឡើយទេ ពោលគឺស្ទឹងពោធិ៍សាត់ មានកម្ខេតពស់ ២.៧៨ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន គឺ៥ម៉ែត្រ។
ជាការកត់សម្គាល់ យើងសង្កេតឃើញថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្កជាជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តមួយចំនួន បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ ប៉ុន្តែស្ថានភាពនេះ មិនធ្ងន់ធ្ងរនោះឡើយ ដោយសារទឹកនឹងឆាប់ស្រកទៅវិញ។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ថា កម្ពស់ទឹកភ្លៀង ២៤ម៉ោង លើ៦/៧ក្រុងស្រុក មាននៅក្រុងពោធិ៍សាត់ ៩.៧មីលីម៉ែត្រ, ស្រុកវាលវែង ១.៥មីលីម៉ែត្រ, ស្រុកបាកាន ១.៥មីលីម៉ែត្រ, ស្រុកក្រគរ ២.២មីលីម៉ែត្រ, ស្រុកកណ្តៀង ២០.៨មីលីម៉ែត្រ និងស្រុកតាលោសែនជ័យ ១.២មីលីម៉ែត្រ។
លោកប្រធានមន្ទីរ បានបន្តថា ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹង និងទន្លេ ក្នុងនោះស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវ៉ាញ មានកម្ពស់ ២.៥១ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ), ស្ទឹងវាលវែង មានកម្ពស់ ២.៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ) និងទឹកទន្លេកំពង់លួង មានកម្ពស់ ២.០២ម៉ែត្រ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣ ខណៈព្រះរាជាណាចក្រកម្ពុជា បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម។
ដោយឡែក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈ្មោះខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។ លក្ខណៈទាំងនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល, តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀង ធ្លាក់ក្នុងកម្រិតមួយ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ជាមួយគ្នានេះ ក៏សូមអំពាវនាវឱ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕