អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ
ខេត្តសៀមរាប ៖ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារជួសជុលតួប៉មផ្នែកខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុល ក្នុងខែមីនា ឆ្នាំ២០២៣កន្លងមក។
លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ ដែលនៅឈរមានរូបរាង។ ដូច្នេះក្រុមអ្នកជំនាញ បានចំណាយពេលវេលាប្រមាណ ៥ខែ ដើម្បីជួសជុលតួប៉មផ្នែកខាងត្បូងរួចរាល់។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ២០២៣ ក៏បន្តការងារជួសជុលតួប៉មផ្នែកខាងជើងវិញម្តង ដើម្បីពង្រឹងរចនាសម្ព័នប្រាសាទ ឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ព័ន្ធ នៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។
ក្នុងដំណើរការ ជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នកជំនាញ បានចាប់ផ្តើម ធ្វើការសិក្សាសម្រង់ប្លង់ នៃប្រាសាទ និងធ្វើការពង្រឹងខឿនជញ្ជាំង ឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មកធ្វើការសម្អាត បិទបាយអ ភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹក ធ្វើយ៉ាងណាឱ្យតួប៉ម នៃប្រាសាទនេះ មានភាពរឹងមាំឡើងវិញ។
លោកស្រី ឈុន រតនា អ្នកជំនាញជួសជុល ប្រាសាទត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ដំណើរការជួសជុលសម្រេច បានលទ្ធផលប្រមាណ ៧០ភាគរយហើយ។ ដោយគ្រោងនឹងបញ្ចប់គម្រោងជួសជុល នាចុងឆ្នាំ២០២៣ខាងមុខនេះ។ បន្ទាប់មកនឹងចាប់ផ្តើមការងារជួសជុល ប្រាង្គកណ្តាល នៃប្រាសាទត្រពាំងល្ពៅនេះ ជាបន្តទៀត។
ក្រោយការងារជួសជុលរួចរាល់ អ្នកជំនាញរំពឹងថា តួប៉មនៃប្រាសាទត្រពាំងល្ពៅ នឹងឈររឹងមាំយូរអង្វែង ទៅថ្ងៃមុខបន្តទៀត ដើម្បីជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់ និងសិក្សាស្វែងយល់។
សូមជម្រាបថា ប្រាសាទត្រពាំងល្ពៅ (ឯកសារមុនៗហៅថា ប្រាសាទត្រពាំងរពៅ) គឺជាប្រាសាទឥដ្ឋមួយ មានប្រាង្គចំនួន៣ បែរទៅទិសខាងកើត ហើយនៅទិសអាគ្នេយ៍ មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែលប្រហែលជាត្រូវនឹងគេសព្វថ្ងៃហៅថា «ហោត្រៃ» ត្រូវបានកសាងឡើងប្រហែលឆ្នាំ៩៤៤-៩៦៨ ក្នុងសតវត្សទី១០ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័នទី២៕
អត្ថបទ៖ នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក យី សុថា