សកម្មជនដីធ្លីខេត្តកោះកុង ១០នាក់ ត្រូវតុលាការផ្ដន្ទាទោស ថ្ងៃទី១៥ ខែសីហានេះ
ខេត្តកោះកុង ៖ អ្នកស្រី អិន ធូ សមាជិកសហគមន៍ដីធ្លី១៩៧ កំពុងត្រូវបានលួងដោយកូនប្រុស ក្រោយការប្រកាសសាលក្រមប្រឆាំងនឹងសកម្មជនដីធ្លីខេត្តកោះកុង១០នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ។
សាលាដំបូងខេត្តកោះកុង នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លី នៅខេត្តកោះកុង ចំនួន១០នាក់ ពីបទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ក្នុងនោះមាន៖សកម្មជន ០៣នាក់ ដែលកំពុងស្ថិតក្រោមការឃុំខ្លួន នៅក្នុងពន្ធនាគារ តាំងពីខែមិថុនា ឆ្នាំ២០២៣មក នៅក្នុងសំណុំរឿងមួយទៀត ។
ហើយនៅថ្ងៃនេះផងដែរ សមាជិកសហគមន៍ប្រមាណជា ៦០នាក់ មកពីសហគមនដីធ្លី១៩៧ និងសហគមន៍ដីធ្លី៩៥៥ បានប្រមូលផ្ដុំគ្នា នៅខាងមុខតុលាការ ដើម្បីសម្ដែងការគាំទ្ រចំពោះសកម្មជនទាំងនេះ អំឡុងពេលប្រកាសសាលក្រម ។
សកម្មជនទាំង ១០រូប រួមមាន៖ លោក ឆាន់ ឈឿន អ្នកស្រី ដេតហ៊ួ អ្នកស្រី អើប វី អ្នកស្រី អឹប តឹង លោក ហេង ជៃ អ្នកស្រី អិន ធូ អ្នកស្រី កើត នៅ លោក គង់ ម៉ែន លោក ពួ ហួន និងលោក សុខ ជៃ ។ អ្នកទាំង ១០រូប ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ០១ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០លានរៀល (ប្រមាណជា ៩.៦០០ដុល្លារ) ទៅកាន់ ឧកញ៉ា ហេង ហ៊ុយ ។
ការផ្ដន្ទាទោស របស់អ្នកស្រី អើប វី ត្រូវបានព្យួរទាំងស្រុង ខណៈដែលសកម្មជន ០៩នាក់ទៀត គ្រោងប្ដឹងជំទាស់នឹងសាលក្រមនេះ ។
អ្នកស្រី ដេត ហ៊ួ លោក ហេង ជៃ និងលោក សុខ ជៃ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកោះកុងស្រាប់ទៅហើយ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ព្រមទាំងត្រូវបានដឹកបញ្ជូនទៅតុលាការ ដោយរថយន្តនគរបាលដែលបិទរបាំងជិតខាងក្នុង។ ពួកគេ នឹងត្រូវបន្តឃុំខ្លួន ក្នុងពន្ធនាគារ ចំពោះបទចោទដាច់ដោយឡែកទាំងនោះ ខណៈដែលពុំមានការចេញដីកាចាប់ខ្លួន សម្រាប់សកម្មជន ០៦នាក់ទៀត ដែលមិនបានទទួលការព្យួរទោសនោះទេ ។ ហើយ ពួកគេនឹងបន្តនៅក្រៅឃុំរង់ចាំការប្ដឹងជំទាស់ ។
ការផ្ដន្ទាទោសទាំងនេះ ធ្វើឡើងក្រោយពីមានការផ្ដន្ទាទោសផ្សេងទៀត លើសកម្មជនដីធ្លីខេត្តកោះកុង នៅប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ តុលាការកំពូល បានសម្រេចតម្កល់ការផ្ដន្ទាទោសផ្សេងមួយទៀត ចំពោះអ្នកស្រី ដេត ហ៊ួ ពីបទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់។ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុង បានសម្រេចផ្ដន្ទាទោសស្ត្រីសកម្មជន ០២នាក់ គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អ្នកទាំង០២ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ០១ឆ្នាំ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន ៤០លានរៀល (ប្រមាណជា ៩,៦០០ដុល្លារ)។ បន្ថែមពីលើដីកាឃុំខ្លួន ដែលចេញថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ដីកាមួយទៀត ត្រូវបានចេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ជូន អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន រង់ចាំសវនាការ៕ ប្រភព ៖ អង្គការ លីកាដូ