នាយករដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្ត្រីថៃ បានធ្វើសច្ចាប្រណិធានជាផ្លូវការ នៅចំពោះមុខព្រះមហាក្សត្រថៃ

ថៃ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយថា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ គឺ លោក Srettha Thavisin និងគណៈរដ្ឋមន្ត្រី របស់លោក នៅក្នុងរដ្ឋាភិបាលចម្រុះមាន ១១គណបក្ស នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើសច្ចា​ប្រណិធាន ជាផ្លូវការហើយ នៅចំពោះមុខ ព្រះមហាក្សត្រថៃ Maha Vajiralongkorn។

លោក Srettha មកពីគណបក្សភឿថៃដែលដឹកនាំក្រុមចម្រុះ និងសមាជិកទាំង ៣៣រូបនៃគណៈរដ្ឋមន្ត្រី​បានធ្វើសច្ចា​ប្រណិធានបង្ហាញពី ភក្តីភាពចំពោះព្រះមហាក្សត្រ នៅឯពិធីមួយរៀបចំឡើងនៅក្នុង ព្រះបរមរាជវាំង Dusit Palace ក្នុងទីក្រុងបាងកក។ បន្ទាប់ពីការធ្វើសច្ចា​ប្រណិធាន រដ្ឋាភិបាលថៃថ្មី នឹងត្រូវធ្វើបទបង្ហាញពីគោលនយោបាយទៅកាន់សភា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

គួរបញ្ជាក់ថា លោក Srettha Thavisin មានអាយុ ៦១ឆ្នាំ និងជាមហាសេដ្ឋីម្នាក់ ដែលទទួលបានការអប់រំនៅសហរដ្ឋអាមេរិក និងជាអតីត ប្រធានក្រុមហ៊ុន Sansiri បាននិយាយថារដ្ឋាភិបាល របស់លោក នឹងផ្តោតជាសំខាន់ លើការដោះស្រាយតម្រូវការចាំបាច់ របស់ប្រជាជន។

លោក Srettha ដែលកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ ក៏បានឱ្យដឹងដែរថា លោកនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃពុធនេះ៕

អត្ថបទដែលជាប់ទាក់ទង