យុវជនឆ្នើមពីររូប ឈ្នះពានរង្វាន់ជើងឯក យុវជនអេកូអាស៊ានលើកទីពីរ នៅប្រទេសឡាវ..!
រាជធានីភ្នំពេញ ៖ យុវជនកម្ពុជា ២រូប ដែលបានជ្រើសរើសដោយក្រសួងបរិស្ថាន ដើម្បីទៅចូលរួមប្រកួតនៅប្រទេសឡាវ បានជាប់ជាយុវជនឆ្នើម នៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ាន លើកទី២ (The 2nd ASEAN Youth Eco-Champions Award) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
យុវជនទាំងពីររូប មានឈ្មោះលោកស្រី ឱក សុចិន្តា និងលោក ហែម សុភេម។
ក្នុងចំណោមយុវជនឆ្នើមទាំងពីររូបនេះ លោកស្រី ឱក សុចិន្តា អ្នកផលិតមាតិកាអប់រំបរិស្ថាន ត្រូវបានគេស្គាល់ថា ជាស្ថាបនិក Zerow ដែលជាសហគមន៍អនឡាញ របស់អ្នកស្រលាញ់បរិស្ថាន នៅលើបណ្ដាញសង្គម ទទួលបានពានរង្វាន់ជើងឯកយុវជន អេកូអាស៊ានលើកទីពីរ កម្រិត Senior។
ចំណែកយុវជនមួយរូបទៀត គឺលោក ហែម សុភេម យុវជនលេចធ្លោមួយរូប នៃក្រុមនិស្សិតប្លាស្ទិច-Nisset Plastic ទទួលបានពានរង្វាន់ជើងឯក យុវជនអេកូអាស៊ានលើកទីពីរ កម្រិត Junior។
តាមរយៈសារនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផេក យុវជនទាំងពីររូប បានបង្ហាញក្តីរំភើបរីករាយ បន្ទាប់ពីត្រូវបានជ្រើសរើសជាយុវជនឆ្នើម នៃពានរង្វាន់ជើងឯកយុវជន អេកូអាស៊ាន លើកទីពីរ ដោយ Ministry of Environment (The 2nd ASEAN Youth Eco-Champions Award Junior) ដែលបានរៀបចំឡើងនៅ ប្រទេសឡាវ។
លោកថា “ពានរង្វាន់នេះ គឺមិនមែនកើតចេញពីខ្ញុំម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មក្នុងកិច្ចការពារបរិស្ថាន ជាមួយ និស្សិតប្លាស្ទិច នាពេលកន្លងមក”។
គួរបញ្ជាក់ថា យុវជនទាំងពីររូប ជាយុវជនយុវនារីខ្មែរ ដែលចំណាយពេលវេលាធ្វើសកម្មភាពជាច្រើន ក្នុងការចូលរួមចំណែក ដើម្បីលើកកម្ពស់ការយល់ដឹង ពីបញ្ហាបរិស្ថាន និងការថែទាំផែនដី។
ត្រង់ចំណុចនេះ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ក៏ដូចជាយុវជនខ្មែរ ០១រូប ពិតជាមានមោទនភាពចំពោះក្រុមយុវជនបរិស្ថានខាងលើនេះណាស់ ដែលពួកគាត់បានចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការងារថែរក្សាបរិស្ថាន ដ៏លំបាកមួយនេះ..៕