ពិធីបិទអង្គសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុង-ស្រុក មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ មេឃុំចៅសង្កាត់ វិស័យឯកជន និងអង្គការសង្គមស៊ីវិលផងដែរ។
ពិធីធ្វើឡើង នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក សាយ សំអាល់ មានប្រសាសន៍ថា ខេត្តព្រះសីហនុ និងខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័ន្ធតាមបែបនគរូបនីយកម្ម ដូចនេះយើងត្រូវអនុវត្តរដ្ឋបាលសាធារណៈបំរើសេវាជូន ប្រជាពលរដ្ឋ ក្នុងនោះការថែរក្សារោងចក្រ សហគ្រាស អ្នកវិនិយោគ និងទេសចរ ក៏ជារឿងមួយសំខាន់ ដើម្បីកសាង ខេត្តព្រះសីហនុ អោយទៅជារដ្ឋបាលទំនើប ស៊ីវីល័យ បង្កើនធនធានមនុស្ស រក្សាសន្តិសុខ ស្ថេរភាពនយោបាយ ដែលជាតម្រូវការ របស់យើងទាំងអស់គ្នា។
បន្ថែមលើនេះ លោក កោតសរសើរ និងវាយតម្លៃ ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ និងកោតសរសើរក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ ខេត្តព្រះសីហនុ ដែលជាយន្តការមួយបំពេញការងារឲ្យ យើងស្គាល់ការងារខ្លួនឯង ចេះធ្វើការជាមួយអ្នកដទៃ ហើយអ្វីប្រឈមជួបប្រទះជាធាតុផ្សំ សម្រាប់យើងដោះស្រាយបានទាន់ពេលវេលា។
ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយសន្តិភាព តាមរយ:កិច្ចចរចា ដែលជានិមិត្តរូប នៃសន្តិភាពដើរលើមាគ៌ាត្រឹមត្រូវ នេះដោយសារថ្នាក់ដឹកនាំរបស់យើង បានកសាងនូវវប្បធម៌ និងសន្តិភាពដែលជារឿងមួយសំខាន់ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យនាពេលបច្ចុប្បន្ន។
ជាមួយគ្នានោះ លោក គួច ចំរើន អភិបាលខេត្តព្រះហនុ ក៏បានបង្ហាញមោន:ភាព ចំពោះបណ្តាឃុំ-សង្កាត់ ដែលបានអនុវត្តន៍យន្តការមេសំខាន់ៗ ទាំង៥ ចំណុចបានយ៉ាងល្អរួមមាន៖
ទី១. គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទទួលបានលទ្ធផលល្អ។
ទី២. ការផ្តល់សេវាសាធារណៈ។
ទី៣. ការដោះស្រាយក្រៅប្រព័ន្ធតុលាការ។
ទី៤. ការគាំពាសង្គម និងសុខាភិបាល។ ទី៥.ការអភិវឌ្ឍន៍មូលធនមនុស្ស។
លោកបន្តថា ទន្ទឹមលទ្ធផលល្អប្រសើរ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ៕ ដោយ៖ ហ្វារីត