ល្បែងជល់មាន់ បន្តកើតមានក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ បានឆ្មក់ចុះបង្រ្កាប ក្រុមអ្នកញៀនល្បែងសុីសង ប្រជល់មាន់ ដែលកំពុងប្រមូលផ្តុំគ្នា លួចប្រជល់មាន់ និងស្រែកហ៊ោសប្បាយកងរំពង ប៉ុនែ្តក្រោយមក កម្លាំង សមត្ថកិច្ចនគរបាល ក៏បានចុះទៅដល់ រួចក៏នាំគ្នារត់គេច បាតជើងសព្រាត ដោយបន្សល់ទុកម៉ូតូ មាន់គក និងសម្ភារៈមួយចំនួន។

សកម្មភាពចុះបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បញ្ជាក់ថា សម្ភារៈបន្សល់ទុកនៅកន្លែងជល់មាន់មានដូចជា៖ ម៉ូតូចំនួន ៧គ្រឿង ,មាន់រស់ ៣ក្បាល, ជញ្ជីងថ្លឹងមាន់១ និងសម្ភារៈមួយចំនួនទៀត ។

សមត្ថកិច្ច ឱ្យដឹងបន្តថា បន្ទាប់ពីមានពលរដ្ឋរាយការណ៍ នៅចំណុចខាងលើថា មានក្រុមអ្នកញៀនល្បែងសុីសង បានប្រមូលផ្តុំគ្នាជល់មាន់ ទើបកម្លាំងសមត្ថកិច្ច នគរបាល ចុះទៅបង្រ្កាបភ្លាមៗ ហើយក្រុមអ្នកលេងល្បែងជល់មាន់ទាំងនោះ ក៏បានរត់គេចបាត់អស់ ដោយបន្សល់ទុកតែម៉ូតូ មាន់ និងសម្ភារៈមួយចំនួន ទៀត ហើយត្រូវប្រមូល យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ អត្ថបទ៖ សេង សាវី

អត្ថបទដែលជាប់ទាក់ទង