បញ្ជូនខ្លួនស្ត្រី២នាក់ម្តាយនិងកូន ទៅកាន់តុលាការ ពាក់ព័ន្ធឆបោកតាមបណ្តាញសង្គម

ខេត្តបាត់ដំបង ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បាននាំខ្លួនស្ត្រី២នាក់ ត្រូវជាម្តាយ និងកូន តបតាមបណ្តឹង របស់ជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីឆបោកតាមបណ្តាញសង្គម ក្រោមរូបភាពផ្ញើវត្ថុមានតំលៃពីបរទេស មកអោយជនរងគ្រោះ និងធ្វើការឆបោក ដែលតម្រូវអោយជនរងគ្រោះ ត្រូវដោះស្រាយសេវ៉ាផ្សេងៗដើម្បីបានទទួលវត្ថុមានតំលៃនោះ។

សមត្ថកិច្ច បន្តថា ជនសង្ស័យទាំង២នាក់ជាមុខសញ្ញា យ៉ាងសកម្មក្នុងការកៀរគរប្រជាពលរដ្ឋក្រីក្រ មានការយល់ដឹងតិចតួច អោយទៅបើកគណនីធនាគារ និងលក់អោយខ្លួន ដើម្បីយកមកគ្រប់គ្រង និងប្រើប្រាស់ជាមធ្យោបាយ ក្នុងការឆបោកជនរងគ្រោះជាច្រើនរូប។

បច្ចុប្បន្ន នាយកដ្ឋាន បានកសាងសំណុំរឿងបញ្ជូនជនស្ស័យទាំង ២នាក់ទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ទន្ទឹមគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន ក្នុង​ការទុក​ចិត្ត​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់​ ដែល​សន្យា​ផ្ញើ​ប្រាក់​ ឬ​វត្ថុ​មាន​តម្លៃ​ មក​ពី​ក្រៅ​ប្រទេស។

បន្ថែមពីនេះ នាយកដ្ឋាន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាកុំលក់​ ឬ​ប្រគល់​ការ​គ្រប់គ្រង​គណនីធនាគារ របស់ខ្លួន ទៅឱ្យអ្នកដទៃព្រោះអាចប្រឈមមុខពាក់ព័ន្ធ នឹងបទផ្សំគំនិត ឬផ្ដល់មធ្យោបាយ ឱ្យជនល្មើសប្រព្រឹត្តបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង