ដំណើរទស្សនកិច្ចលើកទី២ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក មកកម្ពុជា

រាជធានីភ្នំពេញ ៖ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិអាមេរិក បានអញ្ជើញមកដល់ប្រទេសកម្ពុជា ហើយនៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

វត្តមាន របស់លោក ឡយ អូស្ទីន ទទួល​បានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ តំណាងអគ្គមេបញ្ជា​ការកង​យោធព​ល​​ខេមរភូមិន្ទ និងតំណាងមេបញ្ជាការកងទ័ពទាំង ៣ប្រភេទ របស់កម្ពុជាផង។

ដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងអញ្ជើញពិភាក្សាការងារ ដាច់ដោយឡែកពីគ្នា ជាបន្តបន្ទាប់ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនា​យក​​រដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ របស់កម្ពុជា។

ចំណែក នៅទីស្តីការ របស់ក្រសួងការ​ពារ​ជាតិ គឺមុននឹងមានជំនួបពិភាក្សា ក៏មានការរៀបចំពិធីទទួលបដិសណ្ឋារកិច្ច ជាផ្លូវការ​ផង​ដែរ។

គេកត់សម្គាល់ថា ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ របស់លោក ឡយ អូស្ទីន នៅកម្ពុជា ពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការលើវិស័យការពារជាតិ រវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា នេះ ជាទស្សនកិច្ចផ្លូវការ ជាប្រវត្តិសាស្ត្រ លើកដំបូង មកកាន់ប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា- អាមេរិក ដែលមានជាង ៧០ឆ្នាំកន្លងមកហើយ។ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការ របស់រដ្ឋាភិបាលទាំងពីរ។

ក្រសួងការពារជាតិ បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រសួងការពារជាតិ អាមេរិក និងកងយោធរាលខេមរភូមិន្ទ ក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សា នូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព របស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោក ឡយ អូស្ទីន នៅកម្ពុជា ពេលនេះ គឺជាលើកទី២ហើយ ដោយ កាលឆ្នាំ២០២២ លោក ឡយ អូស្ទីន ធ្លាប់បានអញ្ជើញមក​កម្ពុជា​ម្តងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩៕ ប្រភព៖ Fresh News

អត្ថបទដែលជាប់ទាក់ទង