អាជ្ញាធរជាតិអប្សរា ជួសជុល អភិរក្សប្រាសាទបាតជុំ ដំណាក់កាលទី៥
ខេត្តសៀមរាប ៖ ក្រុមការងារ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលប្រាង្គកណ្តាលរបស់ ប្រាសាទបាតជុំ ក្នុងដំណាក់កាលទី៥។ ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។
កញ្ញា ដយ ពេជ្រជីរ៉ា វិស្វករ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទបាតជុំ ឱ្យដឹងថា បច្ចុប្បន្នក្រុមការងារកំពុងជួសជុលតួប៉មកណ្តាលផ្នែកខាងលើ នៃប្រាសាទបាតជុំ ដោយជួសជុលនៅជ្រុងខាងជើង និងទិសអាគ្នេយ៍កន្លែង ដែលមានហានិភ័យខ្លាំងជាមុនសិន និងបន្តជួសជុលកន្លែងខូចខាតផ្សេងៗ រហូតដល់កំពូលប្រាសាទ ដើម្បីឱ្យរចនាសម្ពន្ធឥដ្ឋមានភាពរឹងមាំឡើងវិញ និងទប់ស្កាត់ការហូរជ្រាបទឹកជាបន្តទៀត។
វិស្វករដដែល បន្តទៀតថា មុនជួសជុល ប្រាសាទបាតជុំ មានសភាពទ្រុឌទ្រោម និងគ្រោះថ្នាក់ខ្លាំង ដោយនៅផ្នែកខ្លះឥដ្ឋហែកចេញពីគ្នា ជញ្ជាំងឥដ្ឋពុកផុយ រលុះធ្លាក់ និងផ្នែកខ្លះទៀត នៃតួប៉ម បានផ្លាស់ប្ដូរទ្រង់ទ្រាយ ដែលទាមទារ ឱ្យមានការជួសជុលពង្រឹងជាបន្ទាន់។
ប្រាសាទបាតជុំ កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១០ ដោយមន្ត្រីជាន់ខ្ពស់ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ពុទសាសនាមហាយាន។
ប្រាសាទនេះ កសាងនៅលើខឿនថ្មបាយក្រៀមពីរថ្នាក់ ដែលមានតួប៉មសង់ពីឥដ្ឋចំនួន និងមានសិលាចារឹកចំនួន៦ផ្ទាំង។ ផ្នែកខ្លះ នៃស្ថាបត្យកម្ម លម្អដោយថ្មភក់ដូចជាផ្តែរ ស៊ុំទ្វារ និងជើងខឿន នៃតួប៉មទាំងបី។
ការងារជួសជុល មកដល់ដំណាក់កាលទី៥នេះ តួប៉មប្រាសាទទាំងបី នឹងមានភាពរឹងមាំជាងមុន ដោយពុំចាំបាច់ទល់ទ្រនៅតាមតួប៉មទាំងបីជាបន្តទៀតនោះទេ។ ប្រាសាទនេះ នឹងបានបង្ហាញសោភ័ណភាពឡើងវិញ គង់វង្ស បានយូរអង្វែងទៅអនាគត ហើយភ្ញៀវទេសចរ ក៏នឹងអាចចូលទស្សនាស្វែងយល់ នៅតាមតួប៉មនីមួយៗ បានដោយសុវត្ថិភាព៕
អត្ថបទ និងរូបភាព: យី សុថា