កម្ពុជា និងសិង្ហបុរី ប្តេជ្ញា ជំរុញកិច្ចសហប្រតិបតិ្តការ ឱ្យកាន់តែរឹងមាំ និងវិបុលភាព

រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី សិង្ហបុរី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។

បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី នាពេលនេះ ជាចលករ នៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ លោកនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសិង្ហបុរី ព្រមទាំងបានអបអរសាទរ ចំពោះលោក Lawrence Wong ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី។

សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើន នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវការនេះ នឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។

ក្នុងឱកាស នៃជំនួបទ្វេភាគីនេះ សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែក នូវបទពិសោធន៍លើវិស័យសំខាន់ៗ រួមមាន៖

(១)- ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្ត នូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដើម្បីពង្រីក នូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

(២)- កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការរៀបចំ ក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ នៃប្រទេសទាំងពីរ

(៣)- ការបន្តកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាង នូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀត មកទស្សនាប្រទេសទាំងពីរ

(៤)- ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី រវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារថ្នាក់រដ្ឋមន្រ្តី នៃប្រទេសទាំងបី និងលើកទឹកចិត្ត ឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត និង (៥) កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ច នៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។

ក្រៅពីនេះ សមភាគីទាំងពីរ បានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល និងបានចូលរួមជាអធិបតីជាមួយ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានអញ្ជើញ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នាពេលសមស្របណាមួយ ព្រមទាំងបានជូនពររូបលោក និងគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលសិង្ហបុរី ឱ្យទទួលបានជោគជ័យ ក្នុងការងារដឹកនាំប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង