លោក អ៊ាង សុផ្លែត ដឹកនាំមន្ត្រីរាជការ ពលរដ្ឋ និងសិស្សានុសិស្ស ដាំកូនត្នោត១,០០០ដើម នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោក អ៊ាង សុផល្លែត បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សិស្សានុសិស្ស ដាំកូនត្នោតចំនួន ១០,០០០ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងទុកជាប្រយោជន៍ ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

មានប្រសាសន៍ក្នុងឳកាសនោះ លោក អ៊ាង សុផល្លែត បានលើកឡើងថា ការបំផុសឱ្យមានកម្មវិធីដាំដើមត្នោតនាពេលនេះ គឺដើម្បីលើកទឹកចិត្តដល់ ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ ពិសេសដើមត្នោត និងដើមឈើនានា ឱ្យបានច្រើន និងដើម្បីផ្តល់ជាប្រយោជន៍ដល់ ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និងបរិស្ថាន។

លោកបន្តថា កន្លងមក ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២ ភាពបៃតង ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ ពន្លកបៃតង ចែកជូនកូនឈើជូន ប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិច១លានដើម ក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះការអនុវត្តច្បាប់ ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយ អ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញ និងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតង នៅតាមតំបន់ការពារធម្មជាតិ។

លោករដ្ឋមន្ត្រីបន្តទៀតថា នៅឆ្នាំ២០២៤ ក្រសួងបានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់យុទ្ធនាការ ពន្លកបៃតង ដោយបានចែកជូនកូនឈើសរុប ១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈ និងដាំស្តារព្រៃ នៅតាមសហគមន៍នានា ដើម្បីបង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចទស្សនវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបង្កើនគម្របព្រៃ៦០ ភាគរយ នៅឆ្នាំ២០៥០ ក្នុងនោះយើងមាន ថ្នាលបណ្តុះកូនត្នោត ដែលគ្រោង បណ្តុះកូនត្នោតបន្ថែមទៀត ឱ្យបានច្រើនលានគ្រាប់ នៅឆ្នាំបន្តបន្ទាប់ សម្រាប់ដាំដុះនៅពេលខាងមុខ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏កំពុងជំរុញឱ្យមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ប្រមូលគ្រាប់ត្នោត ដើម្បីបណ្តុះ ជាមួយកូនឈើនានាផ្សេងទៀត ដើម្បីទុកចែកជូន ប្រជាពលរដ្ឋដាំ នៅក្នុងឆ្នាំបន្តបន្ទាប់ផងដែរ។

ចំណែក លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ការដាំកូនត្នោត នៅក្នុងតំបន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅពេលនេះ ជាការចូលរួមចំណែកធ្វើឱ្យសហគមន៍មានភាពបៃតង ហើយត្នោត គឺជារុក្ខជាតិតំណាងជាតិខ្មែរ ដែលមានគុណប្រយោជន៍ជាច្រើនដូចជា៖ ផ្លែធ្វើនំ បង្អែម ស្លឹកធ្វើជាមួក ដំបូលផ្ទះ ដើមធ្វើទូក គ្រឿងសង្ហារិម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកសូមលើកទឹកចិត្តដល់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន សិស្សានុស្ស ត្រូវចូលរួមដាំ និងថែរក្សា ឱ្យបានទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង