មន្ត្រីជំនាញ បង្ក្រាបរថយន្តឡង់គ្រីស័រមួយគ្រឿង និងឈេី១៥កំណាត់ នៅកែវសីមា ខណៈសមត្ថកិច្ចស្រុកពេជ្រាដា ក៏ចុះដោះអន្ទាក់ខ្សែគោ១១២ខ្សែ
ខេត្តមណ្ឌលគិរី៖ មន្ត្រីជំនាញ ចាប់រថយន្តឡង់គ្រីស័រ ០១គ្រឿង និងឈេី ១៥កំណាត់ បង្ក្រាបនៅកែវសីមា ខណៈនៅឯស្រុកពេជ្រាដា សមត្ថកិច្ចជំនាញ ក៏ចុះដោះអន្ទាក់ខ្សែគោ ចំនួន ១១២ ខ្សែផងដែរ។
ករណីទាំងអស់ខាងលេីនេះ គឺត្រូវបានមន្ត្រីជំនាញ បង្ក្រាបរួមថ្ងៃតែមួយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតទប់ស្កាត់ នឹងបង្រ្កាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចផ្លូវទៅពូគង់ ត្រង់និយាមកាលេខ 697154,1359970 ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រទះឃើញឈើឈ្លីត អារឡាំងជ្រុង ចំនួន ១១កំណាត់ នឹងឈើសុក្រំ ចំនួន០១កំណាត់ (បច្ចុប្បន្នមិនទាន់វាស់វេង) រួមនឹងរថយន្ត ម៉ាកឡង់គ្រីស័រ កែច្នៃចំនួន ០១គ្រឿង ពណ៌ខ្មៅ (គ្មានស្លាកលេខ)។
វត្ថុតាងខាងលើ ត្រូវបានក្រុមការងារ បានយកមករក្សាទុកនៅស្នាក់ការរងពូគង់ ដើម្បីចាត់ការតាមនីតិវីធីច្បាប់។
សម្រាប់ពត៌មាន ដាច់ដោយឡែកមួយទៀត គឺនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដូចគ្នា មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ក៏បានចុះល្បាត ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិត្រង់ចំណុច និយាមកា 772737, 1407925 ស្ថិតនៅក្នុងភូមិ ឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានដោះអន្ទាក់ខ្សែគោ ចំនួន ១១២ ខ្សែ និង រុះរើជំរុំបរបាញ់ចំនួនមួយកន្លែងផងដែរ៕