បង្ក្រាបករណីជនជាតិចិន ចាប់ជនរងគ្រោះ ដាក់រថយន្ត
ខេត្តព្រះសីហនុ ៖ ក្រោយពីមានការភ្ញាក់ផ្អើលមួយកើតឡើង ដោយមានជនមួយក្រុម បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ដាក់រថយន្តកាលពីវេលាម៉ោងប្រហែល ០០និង៣០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅម្តុំស្តុបផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋាន ឈ្មោះ តុងប៉ីហ្សាវខាវ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ នោះភ្លាមនោះលោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ រហូតដល់ម៉ោងប្រហែល ០២និង៣០ព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប ៨នាក់ (ជនជាតិចិន ៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន០២នាក់ (ស្រ្តីខ្មែរ០១នាក់ និងជនជាតិចិន ០១នាក់) ។
សូមបញ្ជាក់ថា ករណីខាងលើ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបានដកហូតនូវ កាំភ្លើងខ្លី ០២ដើម ខ្នោះដៃចំនួន០២គូ និងវត្ថុតាងមួយចំនួនទៀត ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវបន្តដើម្បីកសាងនីតិវិធីច្បាប់បញ្ជូនទៅតុលាការ ៕ ដោយ ៖ សំ រ៉ា