ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ៥ ចុះផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល
ខេត្តត្បូងឃ្មុំ ៖ ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ និងជាអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោក បាន បុត្តា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ដល់សមាជិកគណៈឱសថការី ខេត្តត្បូងឃ្មុំ ខណៈពិធីបានធ្វើឡើង នៅសាលប្រជុំមន្ទីសុខាភិបាលខេត្តឃ្មុំ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ និងបទដ្ឋាននានា លើការងារប្រកបរបជាឱសថការី ។
នាឱកាសនោះ លោក បាន បុត្តា មានប្រសាសន៍ថា ក្រសួងសុខាភិបាល ជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងគោលនយោបាយ ដើម្បីលើកកម្ពស់សុខមាលភាព ការពារ ព្យាបាលជូន ប្រជាពលរដ្ឋ នៅក្នុងប្រទេស ក្នុងនោះគណៈវិជ្ជាជីវៈទាំង ៥ គឺជាអ្នកអនុវត្ត ប្រមូលផ្តុំដឹកនាំអ្នកប្រកបវិជ្ជាជីវៈ ក្នុងគណៈឱសថការី ត្រូវចូលរួមពង្រឹងសម្ថភាព របស់ខ្លួន និងចុះបញ្ជីការ ពោលគឺត្រូវតែមាន សញ្ញាបត្រ មានគុណវុឌ្ឍ ត្រឹមត្រូវ មានអាជ្ញាប័ណ្ណ។ ក្នុងនោះគ្រប់អ្នកប្រកបរបរជាឱសថការី ត្រូវតែមានក្រមសិលធម៌ល្អ ពង្រឹងគុណភាពបម្រើសេវា មិនថាតាមមន្ទីពេទ្យរដ្ឋ ឬឯកជន ឡើយ ជាងនេះទៅទៀតដាច់ខាតមិនត្រូវទិញឱសថ គ្មានការចុះបញ្ជីការ ឬសថគ្មានគុណភាព ក្លែងក្លាយ ផុតសុពលភាព មកលក់ដាច់ខាត បើសិនជារកឃើញ និងត្រូវប្រឈមមុខចំពោះច្បាប់។
បន្ថែមលើនេះ លោក បាន បុត្តា ក៏បានអំពាវនាវដល់ឱសថការីទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព ដោយមិនត្រូវចាញ់ឧបាយកល ជនអគតិមួយចំនួនតូច ដែលបានញុះញង់ បំផុសឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមធ្វើបាតុកម្ម ក្នុងបំណងធ្វើបដិវត្តិពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ក្រោមហេតុផលទាមទារឱ្យរាជរដ្ឋាភិបាល ដក់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV –DTA ។
លោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាលខេត្តត្បូងឃ្មំ មានប្រសាសន៍ថា កម្មវិធីនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះឱសថការីទាំងអស់ ដែលបានចូលរួម ក្នុងនោះគណៈឱសថការីភូមិភាគ ៥ បានដើតួនាទីយ៉ាងសំខាន់ ក្នុងការពិនិត្យតាមដាន លើការងារចុះបញ្ជី ការផ្តល់អាជ្ញាប័ណ្ណសមាជិកឱសថការី តាមបណ្តាខេត្តទាំង៥ របស់ខ្លួន ធ្វើយ៉ាងណាឱ្យមានតម្លាភាព សមភាព និងចូលរួមដោះស្រាយបញ្ហា ដែលកើតមានឡើងចំពោះសមាជិកឱសថការរី ។
ជាមួយគ្នានេះ លោកក៏បាន ណែនាំដល់អ្នកប្រកបរបរ ជាឱសថការរីទាំងអស់ត្រូវ រៀបចំទុកដាក់ឱសថឱ្យបានត្រឹមត្រូវ និងមានអនាម័យខ្ពស់ ក្នុងនោះត្រូវវេចខ្ចប់ទុកដាក់ឱសថផុតកំណត់ឱ្យបានល្អ ដោយមិនត្រូវបោះចោល ពាសវាលពាសកាលនោះទេ ព្រោះធ្វើឱ្យប៉ះពាលដល់សុខភាពយើងទាំងអស់គ្នា៕