អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ធ្វើកំណាយស្រាវជ្រាវទីទួលបុរាណ នៅប្រាសាទបន្ទាយក្តី
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន កំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា រួមគ្នា នៅលើទួលបុរាណមួយ នាជ្រុងអាគ្នេយ៍ នៃប្រាសាទបន្ទាយក្តី។
កំណាយបុរាណវិទ្យា ដែលចាប់ផ្ដើមតាំងពីដើមខែសីហាឆ្នាំ២០២៤ គឺដើម្បីសិក្សាពីរចនាសម្ព័ន្ធទួល និងទំនាក់ទំនង រវាងកំពែងប្រាសាទ ព្រមទាំងស្វែងយល់ពីការរស់នៅរបស់មនុស្ស សម័យមុន ក្នុងពេលកសាងប្រាសាទ រហូតមកដល់សម័យក្រោយអង្គរ។
លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា (Sofia) ប្រទេសជប៉ុន ឱ្យដឹងថាការជ្រើសរើសយកទីតាំង នៅទិសអាគ្នេយ៍ នៃប្រាសាទបន្ទាយក្តី សម្រាប់ការស្រាវជ្រាវនេះ ដោយសារតែ ប្រព័ន្ធបច្ចេកវិទ្យា Lida បានថតរូបទីនោះ ឃើញមានទួលជាច្រើន ដូចគ្នា នៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្មដែរ។
លោកបន្តថា តាមការសំគាល់ទីទួលជាច្រើន គឺមានមនុស្សរស់នៅ កាលពីសម័យបុរាណ។ ដូច្នេះបានជាពេលនេះ ក្រុមការងាររើសយកទីទួល នៅជិតប្រាសាទបន្ទាយក្តី ធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាពីការតាំងទីរស់នៅរបស់មនុស្សកាលពីសម័យ
មុន។
ចំណុចសំខាន់មួយទៀត ការធ្វើកំណាយបុរាណវិទ្យាពេលនេះ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងនិស្សិតបុរាណវិទ្យាផង។
បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរាលោក វិទូ ភារម្យ មានប្រសាសន៍ថាក្រុមអ្នកស្រាវជ្រាវ បានធ្វើកំណាយនេះ ចំនួន៣រណ្តៅ។ រណ្ដៅចំនួន២ គឺជីកក្នុងជម្រៅ ២ម៉ែត្រគុណ ២ម៉ែត្រ ឯរណ្ដៅមួយទៀតជីក ក្នុងជម្រៅ ២ម៉ែត្រគុណ ១.៥០ម៉ែត្រ។
តាមរយៈការធ្វើកំណាយនេះ បុរាណវិទូ បានប្រទះឃើញស្លាកស្នាមអតីតកាលចំនួន៣ ដែលគេសន្និដ្ឋានថា ទី១ – ទីទួលនៅជ្រុងអាគ្នេយ៍ នៃប្រាសាទបន្ទាយក្តីអាចមានពលករមករៀបចំស្នាក់នៅ ដើម្បីត្រៀមរៀបចំកសាងប្រាសាទលើទីទួល ដែលមានស្រាប់។
ទី២- ពេលកំពុងសាងសង់ប្រាសាទ គឺមនុស្សអាចបន្តរៀបចំទួលនេះ ហើយចាក់ដីបន្ថែម ដោយយកកម្ទេច និងបំណែកថ្មភក់ រៀបចំធ្វើជាគ្រឹះនៅជាប់ជើងទួល
ទី៣- ក្រោយពេលសាងសង់ប្រាសាទរួចរាល់ អាចមានមនុស្ស មករស់នៅបន្តដើម្បីថែរក្សាប្រាសាទ មានដូចជាព្រាហ្មណ៍ និងខ្ញុំបំរើប្រាសាទជាដើម។
អ្នកស្រាវជ្រាវ ក៏បានរកឃើញទៀតថានៅស្រទាប់ទី៣ នៃរណ្ដៅកំណាយ គេក៏ប្រទះឃើញបំណែកកុលាលភាជន៍ខ្មែរ និងចិនដែលផលិតនៅចុងសតវត្សរ៍ទី១២ និងដើមទី១៣ ជាច្រើនទៀត។
អ្នកស្រាវជ្រាវសន្និដ្ឋាន ជាជំហានដំបូង ជុំវិញទិន្នន័យ នៃការធ្វើកំណាយនេះថាកាលពីសម័យបុរាណក្រៅពីការកសាងប្រាសាទ ក៏មានមនុស្សរស់នៅក្បែរ កំពែងប្រាសាទដែរ។
នេះគឺជាភស្តុតាងថ្មី មួយបន្ថែមទៀត ក្រៅពីឯកសារ ដែលបានចារឹកទុក ឬក៏ចម្លាក់ ដែលមាននៅតាមប្រាសាទបុរាណនានា៕