ពលរដ្ឋស្នើដល់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យលើសកម្មភាពជីករ៉ែមាសខុសច្បាប់ កំពុងកើតមានយ៉ាងអនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានអះអាងថា បទល្មើសលួចជីករ៉ែមាស ខុសច្បាប់ បានបន្តកើតមានយ៉ាងអនាធិបតេយ្យ នៅក្នុងមូលដ្ឋានចំណុចព្រៃមាស ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ដោយគ្មានសមត្ថកិច្ច ឬអាជ្ញាធរ គ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្តមណ្ឌលគិរី ចុះបង្ល្រាប ឬទប់ស្កាត់ទេ។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ រស់នៅស្រុកកែវសីមា បានសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងឋាមពល ជាពិសេស សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះស៊ើបអង្កេត លើករណី នៃសកម្មភាពប្រើរំសេវបំផ្ទុះ ដើម្បីជីករ៉ែមាសខុសច្បាប់ ដែលកំពុងធ្វើសកម្មភាព នៅចំណុចព្រៃមាស ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឱ្យមានប្រសិទ្ធភាព ដ្បិតរាល់ថ្ងៃនេះ មិនឃើញមានសមត្ថកិច្ច ផ្នែកណាមួយចុះបង្រ្កាបនៅឡើយទេ។

ក្រុមប្រជាពលរដ្ឋ បានអះអាងថា រាល់ថ្ងៃនេះ រំសេវជាច្រើនតោន ត្រូវបានឈ្មួញដឹកជញ្ជូន ចូលក្នុងតំបន់ធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់ មាន​ទីតាំងស្ថិតនៅចំណុចព្រៃមាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីយកទៅបំផ្ទុះជីករ៉ែមាស នៅក្នុងមូលដ្ឋាននេះ លាន់ឮរំពង។

ប្រភពបន្តទៀតថា បុគ្គល ដែលនាំចូលរំសេវ និងជាអ្នករត់ការទៅស្ថាប័នពាក់ព័ន្ធ ឱ្យឈ្មួញចូលមកធ្វើអាជីវកម្មរ៉ែខុសច្បាប់ នៅចំណុចព្រៃមាស ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា មានឈ្មោះ តែ គឹមសាន។ ហើយ បុគ្គលរូបនេះ ក៏ជាអ្នកធ្វើអាជីវកម្មចែកចាយរំសេវ ដ៏សកម្មម្នាក់ ក្នុងចំណោមឈ្មួញផ្សេងទៀត នៅខេត្តមណ្ឌលគិរី។

បន្ថែមលើនេះ ឈ្មោះ តែ គឹមសាន ក៏ជាអ្នកដើរប្រមូលលុយពី ក្រុមឈ្មួញលួចធ្វើអាជីវកម្មរ៉ែខុសច្បាប់  ដើម្បីយកទៅរត់ការដោះស្រាយជាមួយ សមត្ថកិច្ចគ្រប់ជំនាញ រួមមាន៖ មន្ត្រីថ្នាក់ដឹកនាំមន្ទីរបរិស្ថាន មន្ត្រីមន្ទីររ៉ែ និងមន្ត្រីថ្នាក់ដឹកនាំស្ថាប័ននគបាល ជាដើម។ ជាពិសេសជាងនេះ សម្រាប់មេដឹកនាំស្ថាប័នធំៗមួយចំនួន នៅខេត្តមណ្ឌលគិរី ក៏ទទួលបានលុយរាប់ ពាន់ដុល្លារ ក្នុងមួយខែៗ ពីឈ្មោះ តែ គឹមសាន នេះផងដែរ។

យ៉ាងណា ចំពោះករណីខាងលើនេះ ក៏ហាក់មិនទាន់ឃើញមាន មន្ត្រីជំនាញពី ក្រសួងពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើរពុករលួយ ចុះមកស៊ើបអង្កេត លើរឿងនេះនៅឡើយទេកន្លងមក។

បទល្មើសធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅខេតត្តមណ្ឌលគិរីនេះ ត្រូវបានប្រជាពលរដ្ឋ និងសាធារណៈជន ដាក់ការសង្ស័យថា ទំនងជាអាចមានការគុបគិត ឬក៏ត្រូវរ៉ូវគ្នាជាប្រព័ន្ធពី មន្ត្រីស្ថាប័នជំនាញមួយចំនួន ទើបគ្មានការចុះបង្ក្រាប បទល្មើស លួចធ្វើអាជីវកម្មរ៉ែខុសច្បាប់ ក្នុងខេត្តមណ្ឌើគិរី បែបនេះ។

ប្រភពបន្តទៀតថា ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅថ្មីៗនេះ មេក្លោងឈ្មោះ តែ គឹមសាន បានកោះប្រជុំជាថ្មី ដើម្បីឱ្យសមាជិកជាម្ចាស់រណ្តៅទាំង ១៣រណ្តៅ ចូលបង់លុយខែថ្មី ដោយខែនេះ ត្រូវបង់លុយ ក្នុងមួយរណ្ដៅៗ ចំនួន ៦ពានដុល្លារ ពោលគឺ ឡើងថ្លៃជាងខែមុនៗ ក្នុង មួយរណ្តៅ ១ពានដុល្លារថែមទៀត។ ហើយ ករណីឡើងថ្លៃរណ្ដៅខែថ្មីនេះ ត្រូវបាន លោក តែ គឹមសាន អះអាងទៅចំពោះមុខ ក្រុមសមាជិកទាំងអស់នោះថា  ខ្លួននឹងយកលុយទាំងនេះ ទៅរត់ការបន្ថែមដល់ ក្រសួងរ៉ែ ដើម្បីឱ្យដំណើរការ ធ្វើអាជីវកម្មរ៉ែមាស នៅមូលដ្ឋានខាងលើ ឱ្យកាន់តែរឹងមាំថែមទៀត។

យ៉ាងណា គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាច ស្នើសុំការបំភ្លឺពីលោក តែ គឹមសាន ដែលរងការចោទប្រកាន់លើករណីខាងលើ បាននៅឡើយទេ ខណៈ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី ក៏មិនទាន់អាចទាក់ទង ដើម្បីស្នើការបញ្ជាក់បន្ថែម បានដែរ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង