ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវក្រុមគ្រួសារ យកមកប្លុងចោល នៅមុខ​វិហារ​ឥ​ស្លា​ម ក្នុងសង្កាត់ព្រែកប្រា

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រី​វ័យ​ជាង​ ៦០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​សាច់ញាតិ ឱ្យ​​ម៉ូតូ​កង់​បី​ដឹក​យក​មក​ប្លុង​ចោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​សួរនាំ​ នៅ​ម៉ោង​ ១០​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ នាទីតាំងទល់មុខ​វិហារ​ឥ​ស្លា​ម តាមផ្លូវ​៣៦៩ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ រស់នៅ​ម្តុំ​នោះ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បាន​ដឹក​ស្ត្រី​ចំណាស់ខាងលើ យក​មក​ទម្លាក់​ចោល នៅ​មុខ​វិហារ​ឥ​ស្លា​ម ហើយ​ក៏​បើក​ម៉ូតូ​ទៅ​បាត់​តែ​ម្តង​ទៅ។

ប្រភព​បន្ត​​ថា បន្ទាប់​ពី​ឃើញ​បែប​នេះ  ​ប្រជាពលរដ្ឋ​ បាន​រាយការណ៍​ជូន​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន ឱ្យចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ពិនិត្យ​ ហើយបានឃើញស្ត្រី​ម្នាក់ កំពុងនៅ​ដេក​លើ​ចិញ្ចើម​ផ្លូវ និង​មាន​កាបូប​ខោអាវ​មួយ កង្ហារ​មួយ​គ្រឿង កន្ថោរ​មួយ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ។

សមត្ថកិច្ច បញ្ជាក់ថា ស្ត្រី​វ័យចាស់ខាងលើ ​ត្រូវ​បាន​សាច់ញាតិ​​ដឹក​តាម​រថយន្តឈ្នួល​ចេញពី​ ខេត្តសៀមរាប មក​ភ្នំពេញ ហើយ​មក​ដល់​ភ្នំពេញ​ ក៏​បានឱ្យ​ម៉ូតូ​កង់​បី​ឥណ្ឌា​ ដឹក​យក​មកប្លុង​ចោល​នៅ​ផ្លូវ​៣៦៩​ ទល់មុខ វិហារ​ឥ​ស្លា​ម​។

ពាក់​ព​ន្ធ័​ករណី​នេះ​ សមត្ថកិច្ច បានទាក់ទងស្វែង​រក​សាច់ញាតិ ស្ត្រីខាងលើ ​រហូត​ដល់​ម៉ោង​ ១២​អធ្រាត្រ ក៏រកមិនឃើញ បន្ទាប់មក លោក​មេ​ប៉ុស្តិ៍​ព្រែក​ប្រា ក៏សម្រេច​យក​រថយន្ត​ផ្ទាល់ខ្លួន ​ដឹក​យក​ស្ត្រី​វ័យចាស់រូបនេះ ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ ​ជា​បណ្ដោះអាសន្ន​សិន ដោយ​រង់ចាំ​ស្វែងរក​សាច់ញាតិ​ ជា​បន្ត​ទៀត ៕ ប្រភព ៖ readnewstv

អត្ថបទដែលជាប់ទាក់ទង