រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំយុវជន ព្រះសង្ឃនិងពលរដ្ឋ ទៅទស្សនកិច្ចខេត្តជាប់ព្រំដែន ជាលើកទី១

ខេត្តត្បូងឃ្មុំ ៖ លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ រួមទាំង ប្រជាពលរដ្ឋ ទៅទស្សនៈកិច្ចតាមបណ្តោយព្រំដែន កម្ពុជា វៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ឱកាសដល់ ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់ នូវការអភិវឌ្ឍជាក់ស្តែង នៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ព្រំដែន និងការអភិវឌ្ឍជារួម របស់ប្រជាពលរដ្ឋ មុនបន្តដំណើរទៅទស្សនៈកិច្ចតាមព្រំដែនដទៃទៀត ខេត្តដែលកម្ពុជា បានដាក់អភិវឌ្ឍរួមគ្នាជាមួយ វៀតណាម និងឡាវ។

ដំណើរទស្សនៈកិច្ចនេះ ទទួលបានការស្វាគមន៍ពីសំណាក់ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ។

នេះជាដំណើរទស្សនៈកិច្ចក្រុមទី១ នៅក្នុងគម្រោង ដែលបង្កើតឡើងដោយសម្តេចធិបតី ហ៊ុ នម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់ភារៈកិច្ចឱ្យក្រសួងព័ត៌មាន សម្របសម្រួលរៀបចំនៅរាល់ចុងសប្តាហ៍ ពីដើមខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤។

សម្រាប់ដំណើរទស្សនៈកិច្ចនេះ ដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលដំណើរទស្សនៈកិច្ច, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល។

នាឱកាសនោះ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ការរៀបចំដំណើរទស្សនៈកិច្ចនៅទិសឦសាន គឺដើម្បីលុបមន្ទិលសង្ស័យដល់ ពលរដ្ឋបានមើល ឃើញជាក់ស្តែង នៃការបោះបង្គោលព្រំដែន ចៀសវាងជឿលើការអុជអាល ពីមជ្ឈដ្ឋានជ្រុលនិយម។ ហើយគោលដៅ នៃដំណើរទស្សនៈកិច្ចទិសឦសាន គឺដើម្បីផ្តល់ឱកាសជូន សាធារណៈជនបានឃើញ និងស្វែងយល់ពី ស្ថានភាពជាក់ស្ដែង នៃបណ្តាខេត្តជាប់នឹងព្រំដែន ជាមួយប្រទេសវៀតណាម និងឡាវនិង ស្វែងយល់ឱ្យបានស៊ីជម្រៅពី បច្ចេកទេសកិច្ចការព្រំដែន និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងការពារ អធិបតេយ្យភាពជាតិកម្ពុជា និងបូរណភាពដែនដី លុបបំបាត់ការយល់ខុសលើកិច្ចការព្រំដែន ពីសំណាក់សាធារណៈជនមួយចំនួនតូច។

លោក នេត្រ ភក្ត្រា បន្តថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសានដោយឥតគិតថ្លៃ ដោយមិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនៈកិច្ចនេះ ឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែននោះទេ។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណើរទស្សនៈកិច្ចជើងដំបូង របស់ប្រជាពលរដ្ឋ ទៅកាន់តំបន់ប៉ែកឦសាន នៃប្រទេសកម្ពុជា បានធ្វើដំណើរចេញពី រាជធានីភ្នំពេញ ដល់ទីតាំងទី១ គឺ៖ ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រ ពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែន រវាង កម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ ក៏ដូចជា ស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។

លោកបន្តថា ក្រោយពីបានចុះពិនិត្យ និងបានទទួលព័ត៌មាន ពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនៈកិច្ចបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀត ដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់។ ដំណើរទស្សនៈកិច្ចនឹងត្រឡប់មកកាន់ រាជធានីភ្នំពេញ វិញនាល្ងាចថ្ងៃសៅរ៍ ដដែលនេះ៕

អត្ថបទដែលជាប់ទាក់ទង