សមត្ថកិច្ច បញ្ជូនខ្លួន លោក ម៉ៃ សុគន្ធ ទៅតុលាការ ក្រោយបើករថយន្តគេច គោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ច 

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ថា សមត្ថកិច្ច បានបញ្ជូនខ្លួន លោក ម៉ៃ សុគន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ បន្ទាប់ពីបើករថយន្ត គេចគោលដៅសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាគុល ជ្រុលល្បឿនទៅបុករះម៉ូតូកង់បី និងរបាំងថ្ម រងរបួសធ្ងន់ស្រាលមនុស្ស ៤នាក់ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចមុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ម៉ៃ សុគន្ធ បានបើករថយន្តងម៉ាក TOYOTA LandCruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកបរយ៉ាងលឿន ចេញពីចំណុចផ្លូវបេតុង ផ្សារបឹងបៃតង ឆ្ពោះទៅកាន់ផ្សារទឹកថ្លា រួមទាំងមានរថយន្តសារ៉ែន សមត្ថកិច្ចប្រដេញពីក្រោយ ដោយសារលោក ម៉ៃ សុគន្ធ បានបើកគេចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាកុល ខណៈរថយន្តទាំង ២គ្រឿង រវាងរថយន្ត លោក ម៉ៃ សុគន្ធ និងរថយន្ត របស់សមត្ថកិច្ច ប្រដេញគ្នា មកដល់ចំណុចកើតហេតុ មុខផ្សារទឹកថ្លា រថយន្ត លោក ម៉ៃ សុគន្ធ បានជ្រុលល្បឿនបុករះម៉ូតូកង់បី ២គ្រឿង ដែលកំពុងបើកនៅពីមុខ និងបន្តទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវ ខ្ទាតចំនួន ៣កង់ ចេញពីជួរ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច បណ្តាលឱ្យមនុស្សប្រុសស្រី ដែលជិះលើកង់បី រងរបួសធ្ងន់ស្រាលចំនួន ៤នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ ទោះបីជា លោក ម៉ៃ សុគន្ធ ចេញវីដេអូសុំទោសជាសាធារណៈបែបណាក៏ដោយ  ក៏សមត្ថកិច្ច នៅតែបន្តអនុវត្តច្បាប់ ។  ហើយនៅពេលនេះ សមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការរួចហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព៖ readnewstv

 

អត្ថបទដែលជាប់ទាក់ទង