ល្បែងមាន់ជល់តាមអនឡាញ កំពុងកើតមានយ៉ាងពេញបន្ទុក ក្នុងទឹកដីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ និងអាណាព្យាបាល រស់នៅខេត្តត្បូងឃ្មុំ បានអះអាងថា ល្បែងមាន់ជល់តាមអនឡាញ កំពុងកើតមានយ៉ាងអាធិបតេយ្យ ក្នុងមូលដ្ឋានស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមិនឃើញមានសមត្ថកិច្ច ពីស្ថាប័នពាក់ព័ន្ធ ផ្នែកណាមួយចុះបងក្រាប ឬទប់ស្កាយ ឲ្យមានប្រសិទ្ធភាពទេ។
ពលរដ្ឋ បន្តថា ល្បែងស៊ីសងតាមអនឡាញនេះ គឺបានបើកធ្វើសកម្មភាពជាច្រើនទីតាំង ក្នុងទឹកដីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយក៏កំពុងពង្វក់ ក្រុមអ្នកញៀនល្បែង មានចំនួនកើនច្រើនក្នុង១ថ្ងៃៗ ដែលសកម្មភាពនេះ ប្រឆាំងនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានបញ្ជាដល់សមត្ថកិច្ចក្រោមឱវាទ ឲ្យរួមគ្នាទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យអស់ជាស្ថាពរ។ ប៉ុនែ្តជាក់ស្តែងបែរជា កម្លាំងសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ហាក់មិនមានវិធានការទប់ស្កាត់ ឬបង្ក្រាបល្បែងស៊ីសងទាំងនេះទេ ខណៈទីតាំងខ្លះ បានបើកធ្វើសកម្មភាព នៅក្បែប៉ុស្តិ៍រដ្ឋបាល ថែមទៀតផង។
ប្រភពពីប្រជាពលរដ្ឋ ស្នើរសុំមិនបញ្ចេញអតសញ្ញាណ បានឲ្យដឹកថា ល្បែងស៊ីសង បញ្ជល់មានតាមអនឡាញ ក្នុងភូមិសាស្ត្រឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ គឺកំពុងដំណើរការ បើកភ្នាល់លុយជាច្រើនកន្លែង ដូចជា ៖ នៅក្នុងភូមិពើកចាស់ ភូមិថ្មពេជ្រទី២ ជៀសទី២ និងភូមិចំបក់ ជាដើម គឺកំពុងធ្វើសកម្មភាព យ៉ាងរលូន ដោយគ្មាន កម្លាំងសមត្ថកិច្ច ពីស្ដាប័នពាក់ព័ន្ធណាមួយ មានវិធានការទប់ស្កាត់ ឬបង្ក្រាបឡើយ។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ មានមន្ទឹលថា ទំនងជា អាជ្ញាធរពាក់ព័ន្ធទាំងនោះ អាចមានជាប់ពាក់ព័ន្ធ ឬទទួលបានលាភសក្ការៈអ្វីមួយពី ម្ចាស់ទីតាំងបញ្ជល់មាន់ តាមអនឡាញទាំងអស់នោះ ទើបមិនមានវិធានការចុះបង្ក្រាប បែបនេះទៅវិញ?។ ហើយ ដែលទង្វើនេះ បានប្រឆាំងនឹងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដែលដាក់ឲ្យអនុវត្ត ឲ្យអស់ជាស្ថាពរ និងមានប្រសិទ្ធភាព។
ប្រភពបន្តទៀតថា មិនមែនមានតែក្នុងឃុំថ្មពេជ្រទេ ក្នុងស្រុកត្បូងឃ្មុំ ទាំងមូល ពោកគឺនៅក្នុងឃុំមួយចំនួនទៀត ក៏មានសកម្មភាពបើកលេងល្បែងបញ្ជល់មាន់ តាមអនឡាញនេះដែរ ដូចជា ៖ នៅឃុំ មង់រៀវ ក៏មានបើកជាច្រើនកន្លែង ជាក់ស្តែងនៅក្នុងភូមិ មង់ទី៧ ចំនួន ២កន្លែង មានចម្ងាយមិនដល់ ១០០ម៉ែត្រផង ពីប៉ុស្តិ៍រដ្ឋបាល និងសាលាឃុំមង់រៀវ ។
ជុំទាក់ទិនករណីនេះ លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ មានប្រសាសន៍ថា លោកបានដាក់វិធានការទៅអាជ្ញាធរឃុំ និងប៉ុស្តិ៍រដ្ឋបាល ឲ្យចុះទប់ស្កាត់ និងបង្ក្រាប ជាបន្តបន្ទាប់ ខណៈកន្លងមកថ្មីៗនេះកម្លាំងនគរបាលនក៏បានចុះបង្ក្រាប បានជាច្រើនទីតាំងផងដែរ។ លោកបន្តថា ករណីក្នុងឃុំណាមួយបន្តកើតមានវទល្មើស ហើយអាជ្ញាធរ មិនរាយការណ៍ ឬមិនទប់ស្កាត់បង្ក្រាប គឺអាជ្ញាធរឃុំនោះ ត្រូវទទួលខុសត្រូវ ដោយផ្ទាល់ចំ ពោះថ្នាក់ដឹកនាំ។
ទោះជាបែបនេះ រាល់ថ្ងៃនេះ គេសង្កេតឃើញ ម្ចាស់ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ទាំងនោះ នៅតែបន្តសកម្មភាព របស់ខ្លួន យ៉ាងគឃ្លើន ដោយមិនខ្លាច ឬមិនខ្វល់នឹងបទបញ្ជា របស់ប្រមុខដឹកនាំនោះទេ ឬមួយក៏ ម្ចាស់បើកលេងល្បែងស៊ីសង ទាំងនោះ អាងមានខ្នងបង្អែក មានឋានៈបុណ្យស័ក្តិធំៗ រង់ចាំកាងការពារ..?។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋមួយចំនួន បានស្នើដល់ លោក ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មេត្តាពិនិត្យលទ្ធភាព ចុះចាត់វិធានការផ្លូវច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ល្បែងស៊ីសងតាមអនឡាញ កំពុងធ្វើសកម្មភាពពង្វក់ ពលរដ្ឋទាំងក្មេងទាំងចាស់ ដែលអាចឈានដល់បង្ករហិង្សា ក្នុងគ្រួសារ និងអំពើចោកម្ម ក្នុងមូលដ្ឋាន ស្រុកត្បូងឃ្មុំ។ ហើយជាពិសេស កំពុងតែអនុវត្តផ្ទុយពី គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ៕