អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការងារជួសជុល ប្រាសាទឥដ្ឋ ជ្រុងឦសាន នៃប្រាសាទភ្នំក្រោម នៅចុងឆ្នាំ២០២៤នេះ

ខេត្តសៀមរាប ៖ រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។

លោក រស់ វិសុទ្ធ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម បានលើកឡើងថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំង ដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យ ដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹង បានរឹងមាំឡើងវិញ។

បច្ចុប្បន្នក្រុមការងារ បានបន្តជួសជុលនៅផ្នែកកំពូលដំពូលខាងលើនៃតួប្រាសាទ ដែលសម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។

អ្នកជំនាញរូបនេះ បញ្ជាក់ថា ប្រាសាទឥដ្ឋនៅជ្រុងឦសាន នៃប្រាសាទភ្នំក្រោមនេះ បើមើលពីខាងក្រៅ ឃើញថាមានការខូចខាតតិចតួច។ ប៉ុន្តែបើការសិក្សាស៊ីជម្រៅ ប្រាសាទនេះ មានការខូចខាតធ្ងន់ធ្ងរបប្រឈមនឹងការរលំនៅជ្រុងពាយ័ព្យ និងផ្នែកដំបូល។ ការជួសជុល បានសង្គ្រោះប្រាសាទនេះ ឱ្យរួចផុតពីហានិភ័យ ទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នប្រាង្គ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង ដោយក្រុមការងារ បានខិតខំធ្វើយ៉ាងណាបំពេញការងារបានទាន់ពេលវេលា មានភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បន្តអាយុកាលយូរអង្វែងដល់កូនខ្មែរជំនាន់ក្រោយ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា/ លោក រស់ វិសុទ្ធ

អត្ថបទដែលជាប់ទាក់ទង