អាជ្ញាធរជាតិអប្សរា សម្ពោធស្ថានីយគ្រប់គ្រងទឹក ដោយស្វ័យប្រវត្តិនៅតំបន់ រមណីយដ្ឋានអង្គរ
ខេត្តសៀមរាប ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង បានរៀបចំដាក់សម្ពោធជាផ្លូវការ នូវស្ថានីយគ្រប់គ្រងទឹកចំនួន ៦ស្ថានីយ ដែលស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ។
ស្ថានីយនេះ នឹងជួយដល់ការងារគ្រប់គ្រងទឹកឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស កាត់បន្ថយកម្លាំងពលកម្មមួយផ្នែកធំ។
លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងនៃសហជីពអន្តរសង្កាត់ នៃជ្រលងប៊ីយ៉េវ ប្រទេសបារាំង និងសហការី បានដាក់សម្ពោធជាផ្លូវការ នូវស្ថានីយគ្រប់គ្រងទឹក មួយកន្លែងនៅស្ថានីយបន្ទាយស្រី។
នេះជាស្ថានីយមួយ ក្នុងចំណោម ៦ ដែលផ្តល់ដោយស្ថាប័ន SIAVB ដើម្បីអភិវឌ្ឍន៍ការងារគ្រប់គ្រងទឹក នៅតំបន់រមណីយដ្ឋានអង្គរ ដោយស្ថានីយទាំងនោះ ប្រើប្រាស់ឧបករណ៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបញ្ជូនព័ត៌មានឆាប់រហ័ស តាមប្រព័ន្ធកុំព្យូទ័រ ទូរសព្ទ ទាក់ទងនឹងវាស់កម្ពស់ទឹកភ្លៀង វាស់សំណើម វាស់លឿនខ្យល់ វាស់ទិសដៅខ្យល់ និងវាស់កាំរស្មីព្រះអាទិត្យ ជាដើម។ល។ ស្ថានីយទាំង ៦រួមមាន៖ ស្ថានីយភ្នំគូលែន ស្ថានីយបន្ទាយស្រី ស្ថានីយចៅស្រីវិបុល ស្ថានីយក្រាំងក្រូច ស្ថានីយភ្នំក្រោម និងស្ថានីយវត្តស្លាតរំជ័យ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការវិមជ្ឈការ នៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិ ក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។
នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស បានអញ្ជើញទៅពិនិត្យ និងសម្ពោធការដំឡើងសាកល្បងស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិ ដែលសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវ នឹងត្រូវយកមកដំឡើង នៅរមណីយដ្ឋានអង្គរចំនួន ៦ស្ថានីយ នាទីស្នាក់ការរបស់សហជីព នាប្រទេសបារាំង៕
អត្ថបទ៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
រូបភាព៖ ភោគ ជា