សមត្ថកិច្ចចុះបង្រ្កាប ឃាតកម្មមួយករណី នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តសៀមរាប បានបង្រ្កាបករណីឃាតកម្មមួយករណី កើតឡើងនៅក្រុងព្រះសីហនុ។ ហើយ ជនដៃដល់ត្រូវសមត្ថកិច្ច ចាប់ខ្លួននៅខេត្តសៀមរាប។

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រ មានករណីមនុស្សស្លាប់ នៅចំណុចផ្ទះសំណាក់ សុវណ្ណារីសត ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ជាកម្មករផ្ទះសំណាក់ខាងលើ។

ជនរងគ្រោះមានឈ្មោះ ថ្លាង ម៉េងលី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេការនៅផ្ទះសំណាក់ខាងលើ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញ របស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣៥នាទី កម្លាំងជំនាញបន្តដឹកនាំសហការដោយឃាត់ខ្លួន បានជនសង្ស័យ ឈ្មោះ លុន ភាពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចផ្ទះសំណាក់ ប៊ុនសាយ មណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃកើតហេតុខ្លួន និងជនរងគ្រោះបានឈ្លោះប្រកែកគ្នា ពីបញ្ហារឿងរៀបចំការងារ ក្នុងផ្ទះសំណាក់ បន្ទាប់មកពេលដែលជនរងគ្រោះបែរខ្នងចេញ ខ្លួនក៏បានទាញញញួ រវាយចំក្បាលផ្នែកខាងក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ជូនស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុជាម្ចាស់ករណី កសាងសំណុំរឿងតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង