អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរានហាល នៅរួតទី២ប្រាសាទអង្គរវត្ត
ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញ របស់អាជ្ញាធរជាតិអប្សរា ដែលបានដំណើការជួសជុលរានហាលនៅរួតទី២ ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។
លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរានហាលរួតទី២ ប្រាសាទអង្គរវត្ត ឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូតមកដល់បច្ចុប្បន្នបានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា ៖ សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុល នៅសម័យមុនអស់គុណភាព។ ការព្យាយាមជួសជុលដើម្បីរក្សាបាន នូវភាពដើម នៃសំណង់ ក្រុមការងារបានស្វែងរកឃើញជើងទម្របង្កាន់ដៃមួយចំនួនដែលចល័តទៅទីកន្លែងផ្សេង និងបានយកមកដាក់ នៅទីតាំងដើមវិញ។
អ្នកគ្រប់គ្រងការដ្ឋានរូបនេះ ឱ្យដឹងទៀតថា ក្រុមការងារត្រូវរុះរើផ្នែកខ្លះនៃរានហាល ដើម្បីជួសជុលថ្ម ដែលបាក់បែកឡើងវិញ និងដកហូតស៊ីម៉ង់ត៍ជួសជុលកាលពីសម័យមុនចេញ ហើយដាក់ថ្មភក់ថ្មី មកជំនួសនៅតាមទីតាំងដែលបាត់ថ្ម ដូចជា៖ ជើងទម្របង្កាន់ដៃនាគ សសរ ថ្មកម្រាល រួមទាំងបង្កាន់ដៃនាគ។
បន្ថែមលើនេះ ក្រុមការងារត្រូវព្យាយាមសិក្សាស្វែងយល់ នូវរចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់ដៃនាគមួយចំនួន ត្រូវជួសជុល ឱ្យបានត្រឹមត្រូវទៅតាមលំនាំ នៃរចនាសម្ពន្ធ ដើមឡើងវិញ។ ដោយហេតុថា សសរ និងបង្កាន់ដៃនាគធ្លាប់បានជួសជុល នៅក្នុងសម័យមុន គឺដាក់ខុសទីតាំងដើម៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា