ប្រពៃណីចាប់ត្រីរួម របស់អ្នកស្រុកប្រាសាទបាគង ដើម្បីថែរក្សាទំនៀមទម្លាប់ និងបង្កើនសាមគ្គីភាព
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រាប់រយនាក់ ដែលនៅក្នុងដៃ មានឧបករណ៍នេសាទបុរាណរួមមាន៖ ឈ្នាង អង្រុត សំណាញ់ និងថ្នង ជាដើម បានមកជួបជុំគ្នានៅមាត់បឹងបង្កោង ដើម្បីចាប់ត្រីទៅតាមជំនាញ របស់ពួក។
គណៈកម្មការរៀបចំបុណ្យ ឲ្យដឹងថា ការរៀបចំពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងសម្រាប់ពិធីបុណ្យឡើងមាឃ ដែលជាទំនៀមទម្លាប់ បន្តតាំងពីដូនតារៀងមក។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរតែងតែប្រកាន់ខ្ជាប់ និងអនុវត្តមិនដែលខកខាន លើកលែងតែក្នុង របបប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩ តែប៉ុណ្ណោះ ដែលប្រពៃណីបុរាណមួយនេះត្រូវបំផ្លាញចោល ។ ប៉ុនែ្តក្រោយថ្ងៃរំដោះខែមករា ឆ្នាំ១៩៧៩ ប្រពៃណីពីបុរាណរបស់អ្នកស្រុកបាគង បានរស់ឡើងវិញ។
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានឱ្យដឹងថា បឹងបង្កោង មិនអនុញ្ញាតឱ្យអ្នកភូមិ ឬអ្នកមកទីកន្លែងដទៃ នេសាទឡើយ គឺរក្សាទុកនេសាទរួម របស់អ្នកភូមិសម្រាប់បុណ្យឡើងមាឃតែប៉ុណ្ណោះ។ ហើយ ការនេសាទត្រីរួមគ្នា អនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបុរាណដូចជា ៖ សំណាញ់ អង្រុត និងឈ្នាង ជាដើម។ ត្រីដែលចាប់បាន មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន ,មួយផ្នែកទៀតទុក សម្រាប់ធ្វើទឹកនំបញ្ចុក ,ម្ហូបអាហារ និងចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យ ។លោកមេភូមិបន្តថា សម្រាប់ថ្ងៃទី៩ ខែកុម្ភៈ គឺអ្នកភូមិមកជួបជុំគ្នាចាប់ត្រី ហើយថ្ងៃទី១០ ខែកុម្ភៈត្រូវនឹងថ្ងៃ១៣កើតខែមាឃ ជាថ្ងៃដែលអ្នកភូមិត្រូវធ្វើនំបញ្ចុក និងថ្ងៃទី១១ ខែកុម្ភៈត្រូវនឹងថ្ងៃទី១៤កើតខែមាឃនជាថ្ងៃបញ្ចប់ ជាថ្ងៃមានកិច្ចសំខាន់ ដែលគណៈកម្មការរៀបចំបុណ្យ ចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិជួបជុំគ្នានៅសាលាឆទាន ដើម្បីប្រារព្ធពិធីឡើងមាឃទំនៀមទម្លាប់ពីដូនតា ។
ក្រៅពីចូលរួមចាប់ត្រីរួមគ្នា លោកមេភូមិ ចង់ឱ្យយុវជន និងអ្នកភូមិចូលរួមក្នុងកិច្ចពិធីឱ្យច្រើនតាមជំនឿ និងការគោរពប្រណិបតន៍ របស់អ្នកភូមិកាន់តែច្រើនឡើងថែមទៀត ដើម្បីឱ្យទំនៀមទម្លាប់នេះបន្តគង់វង្ស។
លោកបន្តថា ទាក់ទងនឹងផលត្រីដែលនេសាទបាននៅឆ្នាំនេះ មានត្រីច្រើនជាងឆ្នាំមុន ដោយសារស្ថាប័នពាក់ព័ន្ធបានលែងកូនត្រី ប្រមាណមួយម៉ឹនក្បាលនៅក្នុងបឹងបង្កោង កាលពីរដូវវស្សាកន្លងមក។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមឡើងមាឃ របស់អ្នកបាគង បានដើរតួនាទីសំខាន់ច្រើន ក្នុងនោះ ការរក្សាទំនៀមទម្លាប់ប្រពៃណី សិល្បៈបុរាណ របស់សហគមន៍, ការបង្កើតឱកាសចំណូលសម្រាប់ ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាការកសាងភាពសាមគ្គីគ្នា រវាងអ្នកភូមិ និងអ្នកភូមិ និងអ្នកមកពីទីជិតឆ្ងាយ។
លោកអភិបាលស្រុក បន្តថា ការចាប់ត្រីនៅក្នុងបឹងនេះ ទាក់ទាញអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ ពោលគឺមិនត្រឹមតែអ្នកក្នុងភូមិបង្កោងទេ តែមានអ្នកមកពីតំបន់ជិតឆ្ងាយ និងភ្ញៀវទេសចរបរទេសផងដែរ។
ដើម្បីបង្កើនធនធានត្រីធម្មជាតិ ក្នុងបឹងបង្កោង ឱ្យកាន់សម្បូរថែមទៀត លោក បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមានគម្រោងបន្ដលេងកូនត្រីបន្ថែម និងត្រៀមដាក់ព្រួលការពារ ក្នុងរដូវទឹកឡើង ដើម្បីបង្ការកុំឱ្យត្រីរត់ចេញទៅខាងក្រៅ។ លើសពីនេះអាជ្ញាធរ នឹងស្វែងរកវិធីឱ្យប្រជាពលរដ្ឋ មានប្រភពចំណូលបន្ថែមតាមរយៈការអភិរក្សបឹងនេះ ជារយៈពេលវែង៕ ប្រភព: AMS អត្ថបទ និងរូបភាព៖ ប៊ុន រដ្ឋា