អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យអាងស្តុកទឹក២កន្លែង នៅស្រុកក្រូចឆ្មារ
ខេត្តត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ ទំនប់បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះសំណាលជាមួយ ប្រជាកសិករអាស្រ័យផល ក្នុងស្រុកក្រូចឆ្មារ។ ជាមួយការចុះពិនិត្យនេះ លោកអភិបាល ក៏បានណែនាំដល់ ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាសទឹក សម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ព្រោះថាឆ្នាំនេះ ទឹកតាមប្រឡាយ ត្រពាំង និងបឹងមួយចំនួន បានរីង ដោយសារតែតម្រូវ ការប្រប្រាស់ទឹកច្រើនលើការស្រោចស្រប់ ។
លោក ប៉ែន កុសល្យ មានប្រសាសន៍ថា ប្រជាកសិករ ដែលដាំដុះដំណាំស្រូវ អាស្រ័យផល ក្នុងទំនប់ បឹងសេកយំ និងទំនប់ប៉ើស២នេះ មានការប្រុងប្រយ័ត្ន ក្នុងរដូវប្រាំងនេះ ព្រោះអាច និងមានបញ្ហាខ្វះខាតទឹកក្នុងការប្រើប្រាស់ លើដំណាំស្រូវ។ ហើយឥឡូវនេះ យើងកំពុងតែធ្វើការស្តារ បឹងនេះបន្ថែម ដើម្បីមានភាពងាយស្រួល ក្នុងការផ្ទុកទឹក សម្រាប់ប្រើប្រាស់ស្រោចស្របដំណាំ ក្នុងរដូវប្រាំង។
លោកបន្តថា ប្រជាពលរដ្ឋកសិករដែលអាស្រ័យផល ដោយប្រើប្រាស់ទឹកបឹងទាំង២ នេះ គឺបងប្អូនអាចអាស្រ័យផលបាន ប៉ុន្តែយើងនឹងទុកបឹងនេះជាសម្បត្តិរដ្ឋ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមគ្នា និងមិនតម្រូវឱ្យពុះប្លង់កម្មសិទ្ធសម្រាប់បុគ្គលណាម្នាក់ឡើយ ដោយដីផ្ទៃបឹងនេះ គឺយើងនឹងស្តារបន្ថែមទៀត ដើម្បីងាយស្រួលនៅរដូវរស្សា អាចផ្ទុកទឹកក្នុងបឹងបានច្រើន សម្រាប់ពលរដ្ឋ ក្នុងស្រុកក្រូចឆ្មារ ប្រើប្រាស់ដាំដុះដំណាំកសិកម្មផ្សេងៗ ពិសេសដំណាំស្រូវ ថ្នាំជក់ និងពោត ជាដើម ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យ និងធ្វើការណែនាំដល់ប្រជាកសិករ ដែលអាស្រ័យផលកសិកម្ម ក្នុងរដូវប្រាំងនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ទឹកដើម្បីរក្សាបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងមិនមានការខាតបង់លើការដាំដុះ ក្នុងរដូវប្រាំងនេះ ។
សូមជម្រាបថា ឆ្នាំ២០២៥ នារដូវប្រាំងនេះ ក្នុងខេត្តត្បូងឃ្មុំទាំងមូលមានបញ្ហាប្រឈម នឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ពិសេសដំណាំស្រូវ តែយ៉ាងណាភ្លាមៗ អាជ្ញាធរពាក់ព័ន្ធមួយនេះ ក្រោមការដឹកនាំ របស់លោក ប៉ែន កុសល្យ បានអន្តរាគមន៍ជួយបូមទឹក បុកអណ្តូង សង្រ្គោះស្រូវ ប្រជាពលរដ្ឋបានទាន់ពេលវេលា រាប់រយហិកតា ដោយមិនទុកឱ្យស្រូវ ប្រជាពលរដ្ឋ រងការខូចខាតនោះទេ៕