ក្មេងទំនើង២នាក់ ដែលបង្ហោះម៉ូតូ រួចនិយាយថា ម៉ូតូជាប់លេខ២ ត្រូវប៉ូលិសខណ្ឌទួលគោក នាំមកវាស់កម្ពស់ហើយ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ខណ្ឌទួលគោក បានឲ្យដឹងថា ក្មេងទំនើងចំនួន ០២នាក់ ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋម្នាក់ ហើយនិយាយប្រាប់ សមត្ថកិច្ចថា “អត់បង្ហោះទេ មកពីម៉ូតូជាប់លេខ២” ត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោងប្រហែល ១២និង៤០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងទាំង ០២នាក់ ករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈបង្កភាពអាណាធិបតេយ្យ នៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ២០និង២០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ។
ក្មេងទំនើងទាំង ០២នាក់ ដែលឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ឈឿង ឡុងហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះម៉ូតូបង្ហោះ) ។
២-ឈ្មោះ លី ជីឈ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩A1 ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវលេខ២១៨ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះខាងក្រោយ ជាម្ចាស់ម៉ូតូ) ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក Honda C125 ស៊េរី 2023 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-1913 ។
បច្ចុប្បន្នក្មេងទំនើងទាំង ០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។
សូមរម្លឹកថា ករណីក្មេងស្ទាវបង្ហោះម៉ូតូនៅលើដងផ្លូវសាធារណៈ ត្រូវបានប្រជាពលរដ្ឋអ្នកធ្វើដំណើរថត បានសកម្មភាពបង្ហោះម៉ូតូ ស្រាប់តែភ្លាត់ស្នៀត រ៉េចង្កូតទៅបុកប្រជាពលរដ្ឋម្នាក់ នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសង្គ្រោះ នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ ឧសភា នៅចំណុចដូចខាងលើ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នា មានការហួសចិត្តខ្លាំង គឺយុវជនម្នាក់ ក្នុងចំណោម២នាក់ បាននិយាយដោះសារថា «ម្តាយបានប្រើមកទិញអីហូប ហើយខ្លួន និងមិត្តភក្តិ ជាអ្នកបើក ក៏បានជិះម៉ូតូទៅរកទិញ លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជាប់លេខ២ ក៏ហោះ តែម្តងទៅ» ។
យុវជនរូបនេះ ក៏បានបន្តនិយាយទៀតថា «ម៉ូតូខ្លួន ភាគច្រើន គឺជាប់លេខតែចឹង ហើយបើមិនជឿ ឲ្យទៅសួរក្រុមមិត្តភក្តិខ្លួន ដ៏ដឹងដែរ» ៕