ប៉ូលិសថៃ ចាប់ខ្លួនអ្នកបើករថយន្ត ដឹកខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក លិម គិមយ៉ា និងចេញដីកាចាប់ខ្លួនអ្នកបញ្ជា ជនជាតិខ្មែរម្នាក់
ថៃ ៖ ប៉ូលិសក្រុងបាងកក (Bangkok) បានចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលជាអ្នកបើករថយន្តជម្លៀសខ្មាន់កាំភ្លើង បាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ទៅកាន់ព្រំដែនខេត្តស្រះកែវ និងឆ្លងទៅទឹកដីកម្ពុជា នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
ព្រមជាមួយគ្នានេះ ប៉ូលិសថៃ ក៏បានប្រមូលភស្តុតាង និងស្នើសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួន លោក លី រតនរស្មី ដែលប៉ូលិសថៃរកឃើញថា គឺជាអ្នកបញ្ជាឲ្យខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក លិម គិមយ៉ា។
ប៉ូលិសក្រុងបាងកក បានចាប់ខ្លួនអ្នកបើករថយន្តភីកអាប់ (Pick Up) ឈ្មោះ ឆាឃីត ប៊ួប្លី (Chakit Buaplee) ឬហៅក្រៅថា «ឆាំណាន» អាយុ ៤៧ឆ្នាំ នៅខេត្តឈុនបុរី (Chonburi) កាលពីថ្ងៃទី១៣ ខែមករា ពាក់ព័ន្ធនឹងការដឹកជញ្ជូនខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ដែលបានបាញ់សម្លាប់ លោក លិម គិមយ៉ា ទៅព្រំដែនខេត្តស្រះកែវ (Sakaeo) និងរត់គេចខ្លួនចូលមកទឹកដីកម្ពុជា។
ក្រុមប៉ូលិស បានឃាត់ខ្លួនលោក ឆាឃីត ចូលទៅក្នុងឡាន និងបានអានបទចោទប្រកាន់ពីបទ “ធ្វើសកម្មភាពគ្រប់មធ្យោបាយ ដែលជួយ ឬសម្រួលដល់បុគ្គលម្នាក់ទៀត ឲ្យប្រព្រឹត្តបទល្មើសមុន ឬអំឡុងពេលប្រព្រឹត្តបទល្មើស”។ក្រោយមក លោក ឆាឃីត ត្រូវប៉ូលិសបញ្ជូនខ្លួន ទៅសួរចម្លើយនៅក្រុងបាងកក។
មេបញ្ជាការស៊ើបអង្កេត នៃទីបញ្ជាការប៉ូលិសក្រុងបាងកក (Bangkok) លោក ធីរ៉ាក់ដេត ថាំសុធី (Theeradej Thammasuthee) បានថ្លែងនៅថ្ងៃទី១៤ ខែមករា ថា បន្ទាប់ពីសួរចម្លើយ អ្នកបើករថយន្តភីកអាប់ ឈ្មោះ ឆាឃីត ប៊ួប្លី បានសារភាពថា គាត់ពិតជាបានដឹកខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ផែណយ ពីខេត្តឈុនបុរី ទៅព្រំដែនកម្ពុជា នៅខេត្តស្រះកែវ ពិតប្រាកដមែន ប៉ុន្តែគាត់បដិសេធថា មិនពាក់ព័ន្ធក្នុងគម្រោងការបាញ់សម្លាប់ លោក លិម គិមយ៉ា នោះទេ ដោយគាត់អះអាងថា ខ្មាន់កាំភ្លើង បានជួលឲ្យជូនទៅក្នុងតម្លៃ ៤ពាន់ ៥រយបាត ឬប្រហែល ១៣០ដុល្លារ ហើយខ្មាន់កាំភ្លើងបានផ្ទេរប្រាក់ ឲ្យតាមគណនីធនាគារ នៅមុនពេលកើតហេតុ ប៉ុន្មានម៉ោងប៉ុណ្ណោះ។
នៅក្នុងបន្ទប់សួរចម្លើយ លោក ឆាឃីត ប្រាប់សមត្ថកិច្ចថា នៅពេលដឹកខ្មាន់កាំភ្លើងទៅព្រំដែន លោកមិនបានដឹងពីឧក្រិដ្ឋកម្មនេះឡើយ ដោយខ្មាន់កាំភ្លើង ដែលជាមិត្តចាស់ របស់លោកផងនោះ បានប្រាប់លោកថា ទៅចូលរួមពិធីជប់លៀង។
ទោះជាបែបនេះក្ដី ប៉ូលិស បានរកឃើញថា ក្រោយពេលកើតហេតុ និងមានការផ្សព្វផ្សាយព័ត៌មាន ដោយបង្ហាញពីមុខសញ្ញា របស់ឃាតក នៅក្នុងឧក្រិដ្ឋកម្មនេះមក លោក ឆាឃីត បានព្យាយាមរត់គេចខ្លួន ពីខេត្តចន្ទបុរី (Chanthaburi) ទៅខេត្តឈុនបុរី ដោយលោក មិនបានស្ម័គ្រចិត្តចូលបំភ្លឺដល់សមត្ថកិច្ចនោះឡើយ រហូតទាល់តែប៉ូលិស បានរកឃើញឡានភីកអាប់ (Pickup) ពណ៌ប្រផេះ ដែលដឹកខ្មាន់កាំភ្លើងនេះ ទុកចោលនៅយានដ្ឋានមួយកន្លែង ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន។
ទន្ទឹមគ្នានេះ ប៉ូលិស បានរកឃើញព័ត៌មាន នៅក្នុងទូរស័ព្ទ របស់លោក ឆាឃីត ថាគាត់បានទាក់ទងជាមួយខ្មាន់កាំភ្លើង តាំងពី ៤ម៉ោងមុនពេលកើតហេតុបាញ់សម្លាប់ លោក លិម គិមយ៉ា មកម្ល៉េះ។
ជនសង្ស័យ ដែលជាអ្នកបើករថយន្ត លោក ឆាឃីត ប៊ួប្លី បានស្នើសុំសមត្ថកិច្ច នៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែសមត្ថកិច្ច បានបដិសេធ ដោយសារលោក កំពុងជាប់នៅក្នុងការសង្ស័យ និងពាក់ព័ន្ធនឹងភស្តុតាងសំខាន់មួយចំនួនទៀត។
ដោយឡែកចំពោះអ្នកបញ្ជា នៅពីក្រោយខ្មាន់កាំភ្លើងវិញ សារព័ត៌មានរបស់ថៃ ឈ្មោះ ខាវសុដ ជាភាសាអង់គ្លេស (Khaosod English) បានចុះផ្សាយកាលពីយប់ថ្ងៃទី១៤ មករា ថាស្នងការប៉ូលិស ឆាណាក់សុងក្រាម (Chana Songkhram) ក្នុងទីក្រុងបាងកក បានប្រមូលភស្តុតាង ដើម្បីស្នើសុំដីកាពីតុលាការចាប់ខ្លួន លោក លី រតនរស្មី ដែលមានឈ្មោះភាសាថៃថា ស៊ុមវ៉ាំង បាំរុងគីត អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ក្រោមការចោទប្រកាន់ចំនួន៣ គឺ ជួលអ្នកដទៃឲ្យប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន, កាន់កាប់អាវុធខុសច្បាប់ នៅក្នុងទីសាធារណៈ និងការប្រើប្រាស់កាំភ្លើង នៅទីប្រជុំជន។
សំណុំរឿងនេះ ពាក់ព័ន្ធនឹងការជួលខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ ឲ្យបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ជនសង្ស័យឈ្មោះ លី រតនរស្មី គឺជាអតីតសកម្មជន ការពារគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ និងបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបាន តែងតាំងជាទីប្រឹក្សា អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យ៉ាងណា ប៉ូលិសក្រុងបាងកក លើកឡើងថា ក្នុងសំណុំរឿងឧក្រិដ្ឋកម្មបាញ់សម្លាប់ លោក លិម គិមយ៉ា នេះ អាចនឹងដោះស្រាយបញ្ចប់ ឆាប់រហ័ស ប្រសិនបើ រដ្ឋាភិបាលកម្ពុជា សហការបញ្ជូនខ្លួនជនសង្ស័យ ពីកម្ពុជា ឲ្យប៉ូលិសថៃ យកមកអនុវត្តនីតិវិធី៕
ចំណងជើងរូបថត៖ (អាវក្រហម) ជនសង្ស័យជាអ្នកបើកឡានដឹកខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ទៅកាន់ព្រំដែនខេត្តស្រះកែវ ព្រំដែនជាប់ខេត្តបាត់ដំបង។ រូបលើគេហទំព័សារព័ត៌មាន Khaosod 2025-01-14