អតីតអ្នកឧកញ៉ា ហេង សិទ្ធី បាល ត្រូវចាប់ខ្លួនបញ្ជូនតាមយន្តហោះ មកកម្ពុជាហើយ

រាជធានីភ្នំពេញ ៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលហ៊ានចោទមន្ត្រីធំៗរបស់រដ្ឋាភិបាល រឿងពុករលួយ និងចោទអ្នកជំនួញមានឥទ្ធិពលថា ឆបោកលុយ រាប់លានដុល្លារនោះ ពេលនេះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកាន់ប្រទេសកម្ពុជាវិញ។

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលរត់ចេញក្រៅប្រទេស ហើយហ៊ានរិះគន់ និងចោទប្រកាន់មន្ត្រីធំៗ របស់រដ្ឋាភិបាលកម្ពុជា ថា បានប្រព្រឹត្តអំពើពុករលួយលុយរាប់លានដុល្លារ និងចោទអ្នកជំនួញមានឥទ្ធិពលថា បានឆបោកលុយរាប់លានដុល្លារអាមេរិកនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនតាមយន្តហោះមកកាន់ប្រទេសកម្ពុជា វិញហើយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានមោឃភាពលិខិតឆ្លងដែន របស់លោក កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការបរទេស បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរទាំងអស់ប្រចាំនៅក្រៅប្រទេស ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានប្រកាសមោឃភាពលិខិតឆ្លងដែន របស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ក្រោយសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក។

ជាមួយគ្នានេះ អាជ្ញធរកម្ពុជា កាលពីខែធ្នូ ឆ្នាំ ២០២៤ ក៏បានស្នើសុំប៉ូលិសអន្តរជាតិអាំងទែប៉ូល ដាក់ឈ្មោះអតីតអ្នកឧកញ៉ា ហេង សិទ្ធី ទៅក្នុងបញ្ជីនិវេទន៍ក្រហម ដែលត្រូវចាប់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង