ភ្ញៀវទេសចរ ស្គាល់ខ្លោងទ្វារតាកាវ កាន់តែច្រើន បន្ទាប់ពីជួសជុលរួច..
ខេត្តសៀមរាប ៖ ពីមួយថ្ងៃទៅមួយថ្ងៃ មាន អ្នកទេសចរជាតិ -អន្តរជាតិកាន់តែច្រើនឡើងៗ បានចូលទៅទស្សនា និងថតរូប នៅខ្លោងទ្វារតាកាវ បន្ទាប់ពីក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួខ្លោងទ្វាររួចរាល់ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្រ បានមួយចំនួន ជាពិសេស ការកែលម្អផ្លូវធ្វើដំណើរ ងាយស្រួលភ្ញៀវទេសចរ អាចឆ្លងកាត់ និងមានសុវត្ថិភាព។
លោក កុយ ភិរុណ ដែលខំស្កាត់មកតាំងពីខេត្តកំពត មានប្រសាសន៍ថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ មានចំណុចពិសេសជាងខ្លោងទ្វារផ្សេងៗទៀត ដោយសារតែខ្លោងទ្វារនេះ មានពន្លឺព្រះអាទិត្យរៀបលិចចាំងលើ ធ្វើឱ្យសម្រស់ខ្លោងទ្វារកាន់តែស្រស់ស្អាត។
លោកបន្តថា ខ្លោងទ្វារតាកាវ មិនត្រឹមតែជាកេរដំណែល របស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាថ្ងៃរៀបលិច កសិន្ធុព័ទ្ធជុំវិញ ថតរូបជាមួយ និងប្លង់ស្អាតៗផង។ ក្រៅតែពីការថតរូប ភ្ញៀវទេសចរ អាចចំណាយពេល ចំណាយអារម្មណ៍ ជាមួយទិដ្ឋភាពថ្ងៃរៀបលិច នឹងទទួលបានអារម្មណ៍ស្រស់ស្រាយ ទៅតាមធម្មជាតិ ផ្ទៃមេឃ ពន្លឺព្រះ អាទិត្យរៀបអស្តង្គត បូកជាមួយស្ថាបត្យកម្ម ដ៏អស្ចារ្យ របស់ដូនតា ដែលទាំងនេះ គឺជាការចងចាំដ៏ល្អ និងមានក្តីសុខផ្លូវចិត្ត។
ចំណែក លោក វណ្ណី ពិសិដ្ឋ មកពីភ្នំពេញ ក៏បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលថា ពេលរូបលោក ឃើញខ្លោងទ្វារតាកាវ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានជួសជុលតួខ្លោងទ្វាររួចរាល់ គឺមានភាពរឹងមាំ និងស្រស់ស្អាតខ្លាំង ហើយលោកក៏មិនធ្លាប់បានឃើញ ឬស្គាល់ពីមុនសោះឡើយ។
លោក វណ្ណី សរសើរថា នេះជាមោទនភាពរបស់ខ្មែរ សម្រាប់ឱ្យក្មេងជំនាន់ក្រោយបានសិក្សាស្វែងយល់។
បន្ថែមលើនេះ លោក វណ្ណី ពិសិដ្ឋ ចង់ឱ្យភ្ញៀវទេសចរគ្រប់រូប បានទៅទស្សនាទីនេះ ព្រមទាំងថតរូបភាពស្អាតៗ យកទៅចូលរួមផ្សព្វផ្សាយពីសក្កានុពល នៃកន្លែងទេសចរណ៍ថ្មីនេះ៕
អត្ថបទ និងរូបភាព: លោក យី សុថា