ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ (Domain name) “.kh ”
រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការស្នើសុំឈ្មោះដែនជាតិ (Domain name) ឱ្យបានឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ក.ប.ទ. បានរៀបចំ និងដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ .kh”។ ឈ្មោះដែនជាតិ .kh នឹងផ្តល់ជូនសម្រាប់អ្នកស្នើសុំ ដែលជារូបវន្តបុគ្គល សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមប្រភេទឈ្មោះដែនជាតិ រួមមាន .kh, .com.kh, .net.kh, .org.kh, ឬ .edu.kh ។ ការប្រើប្រាស់ឈ្មោះដែនជាតិ .kh ជាមធ្យោបាយដើម្បីបង្កើតអត្តសញ្ញាណផ្លូវការ របស់រូបវ័ន្ដបុគ្គលឬនីតិបុគ្គល នៅក្នុងប្រព័ន្ធអ៊ីនធឺណិត បង្កើនភាពជឿជាក់ លើពាណិជ្ជនាមដល់អតិថិជន ឬដៃគូសហការ ជាពិសេសផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត។
ដើម្បីស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័រ www.domain.gov.kh និងអនុវត្តតាមជំហាននីមួយៗ ដែលតម្រូវ។ ចំពោះព័ត៌មាន អំពីប្រភេទឈ្មោះដែនជាតិ របៀបនៃការស្នើសុំ ឯកសារភ្ជាប់ តម្លៃ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការស្នើសុំ សូមទាញយកសៀវភៅមគ្គុទេសក៍ ឬទស្សនាវីដេអូពន្យល់ពីរបៀបស្នើសុំ ដោយស្កេន QR Code ទាំងពីរខាងក្រោម។
ព័ត៌មានបន្ថែម សូមទាក់ទង និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ៖ ៦៧៨៩ ឬ ០២៣ ៧២២ ៣៣៣ នៅរៀងរាល់ម៉ោងធ្វើការ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជា្របជាព័ត៌មាន និងចូលរួមស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ.kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ ឱ្យបានទូលំទូលាយ៕