តំណាងអយ្យការ ចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់និងរបួស៤នាក់ នៅផ្លូវ៦០ម៉ែត្រ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនារសៀលនេះថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥ វេណេម៉ោង ១៧ និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចលើផ្លូវ ៦០ម៉ែត្រប្រសព្វផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើង ដោយឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ៤៤ឆ្នាំ ដែលបានបើកបររថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BS-1023 ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជាតិអាល់កុល០.៤៦ Mg/L និងបានរេចង្កូតមកឆ្វេងចូលចំណែកផ្លូវនៃយានម្ខាងទៀត ទៅបុកនឹងម៉ូតូ មួយគ្រឿងម៉ាក HONDA CLICK ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ III-2330 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ហេង រតនា ភេទប្រុស អាយុ២៩ ឆ្នាំ និងកូនចំនួន២នាក់ ដែលជាអ្នករួមដំណើរ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
ចំណែកអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ នន ចន្ទលក្ខណា ភេទស្រី អាយុ ២៤ឆ្នាំ ដែលត្រូវជាប្រពន្ធ រងរបួសធ្ងន់។ ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក និងកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយពីបានសាកសួរ និងពិនិត្យភស្តុតាងនានា តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃ ស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ និង គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ និង គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕