អាជ្ញាធរជាតិអប្សរា បញ្ចប់ជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង 

ខេត្តសៀមរាប ៖ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ ក្រោយប្រើរយៈពេលជួសជុលចំនួន ៦ខែមក។

មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា  បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែង បានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុល កាលពីថ្ងៃទី២៩ ខែឧសភាកន្លងមក។

បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ  និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។

ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មី ដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។

មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំង ដោយក្នុងនោះផ្នែកខឿន ជញ្ជាំង និងដំបូលរលុះស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ និងអាយុកាល នៃសំណង់ជាដើម។

លោកស្រី ឈុន រតនា បានឲ្យដឹងថា ក្រុមការងារ របស់លោកស្រី បានជួសជុលពង្រឹងផ្នែកជញ្ជាំង ដំបូល កម្រាល ចំណែកខឿន ក៏បានរៀបចំឡើងវិញ និងដោយបច្ចេកទេសត្រឹមត្រូវ និងធានាថា ក្រោយជួសជុលប្រាសាទនេះ នឹងឈររឹងមាំរាប់រយឆ្នាំទៅមុខទៀត។

សូមបញ្ជាក់ថា ប្រាសាទឥដ្ឋនៅជុំវិញប្រាសាទភ្នំបាខែង មានចំនួន៤៤។ ហើយបច្ចុប្បន្ន ប្រាសាទមួយផ្នែកតូច ត្រូវបានជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ តាមរយៈក្រុមការងារអាជ្ញាធរជាតិអប្សរា និងមូលនិធិអភិរក្សប្រាសាទពិភពលោក (World Monuments Fund=WMF)។

នៅឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលសល់ស្លាកស្នាមគ្រឹះនិងតួជញ្ជាំងបន្តិចប៉ុណ្ណោះ។

នេះជាស្លាកស្នាមបុរាណដ្ឋាន ដ៏សំខាន់ ដែលអ្នកបុរាណវិទ្យាយល់ថា វាមានតម្លៃជាប្រវត្តិសាស្រ្ត ដែលគួរត្រូវបានរក្សា និងជួសជុលឱ្យគង់វង្សបន្តទៀត៕

អត្ថបទ៖ នាង សំណាង

រូបភាព៖ ភោគ ជា

អត្ថបទដែលជាប់ទាក់ទង