លោកសាស្ត្រាចារ្យបណ្ឌិត ចាន់ សំអាន និងមហាឧបាសិកា ផល សំណាង ដឹកនាំ លោកយាយលោកតា មកបំពេញសមាធិកម្មដ្ឋាន នារាត្រីពេញបូណ៌មី ក្នុងសហគមន៍អេកូទេសចរណ៍ ព្រែកោងកាងកោះរ៉ុង

ខេត្តព្រះសីហនុ ៖ លោក សាស្រ្ដាចារ្យ បណ្ឌិត ចាន់ សំអាន និងមហាឧបាសិកា ផល សំណាង បានដឹកនាំ លោកយាយ លោកតា មកធ្វើទស្សនាចរណ៍ និងបំពេញសមាធិកម្មដ្ឋាន នារាត្រីពេញបូណ៌មី ក្នុងសហគមន៍អេកូទេសចរណ៍ព្រែកោងកាង។

មហាឧបាសិកា ផល សំណាង បានដឹកនាំ លោកយាយលោកតា ដែលអញ្ជើញមកពីក្រុងភ្នំពេញ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីបង្កើតសកម្មភាពទេសចរណ៍ វិបស្សនា ផ្សារភ្ជាប់ធម្មជាតិ ក្រោមប្រធានបទ វិបស្សនានារាត្រីពេញបូណ៌មី ដែលបានប្រព្រឹត្តធ្វើឡើង នាថ្ងៃចន្ទ១៥កើតខែបុស្សឆ្នាំរោងឆស័កពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។

តាមព័ត៌មាន ដែលទទួលបានមកពីលោកសាស្រ្ដាចារ្យ ចាន់ សំអាន បានឲ្យដឹងថា កម្មវិធីវិបស្សនានារាត្រីពេញបូណ៌មី បង្កើតឡើង ដើម្បីផ្សព្វផ្សាយជូនដល់ គណៈសង្ឃនាយក ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ្ធទាំងអស់ ទាំងនៅប្រទេសកម្ពុជា និង ពិភពលោក បានឲ្យដឹងថា នៅក្រុងកោះរ៉ុង មានសហគមន៍អេកូទេសចរណ៍ព្រែកកោង ដែលស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គឺមានសក្ដានុពលខ្ពស់ សម្រាប់អ្នកស្វែងរកភាពស្ងប់ស្ងាត់ និងធ្វើសមាធិ ផ្សារភ្ជាប់ធម្មជាតិ បានយ៉ាងប្រសើរក្រៃលែង ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ប្រទេសឆ្ងាយៗនោះឡើយ។

ក្នុងកម្មវិធីសមាធិ នារាត្រីចន្ទពេញបូណ៌មាន មហាឩបាសិកា ផល សំណាង និងធម្មការីបានរៀបចំដូចខាងក្រោម៖
១. បានបំបួសដើមឈើយក្ស ឲ្យក្លាយជាមេបានៃព្រៃព្រឹក្សា នៃក្រុងកោះរ៉ុង ដែលស្ថិតក្នុងបរិវេណសួនផ្កាអគីដេព្រៃរបស់សហគមន៍ ។
២. ព្រលែងមច្ឆាជាតិ ដែលជាអភ័យជីវិត ឬការផ្ដល់ទានជីវិតដល់ជីវៈចម្រុះ
៣. បានធ្វើពិធីពុទ្ធភិសេក ព្រះអង្គថ្មម៉ាប ដែលជាព្រះអង្គត្រាស់ដឹង និងតម្កល់ទុកក្នុងព្រែកសហគមន៍
៤. ធម្មចារា និងធម្មចារី ឬអ្នកធ្ចើសមាធិកម្មដ្ឋាន បានដើរចង្រ្កម និងអង្កុយ ភាវនា ផ្សព្វផ្សាយមេត្តាធ៌ម និងចែករំលែកបុញ្ញកុសលដែលបុព្វការីជន
៥. ធម្មចារា និងធម្មចារី បានចែកទានដល់ប្រជាជនក្រីក្រ ដែលធ្វើការក្នុងព្រែកសហគមន៍ដើម្បីលើកទឹកចិត្តដល់អ្នកដែលចេះថែរក្សាព្រៃឈើ និងបរិស្ថានស្អាត។

លោក ស្រេង ហៃសុខ ប្រធានសមាគម សហគមន៍ទេសចរណ៍ក្រុងកោះរ៉ុង បានថ្លែងអំណរគុណ មហាឧបាសិកាផល សំណាង និងធម្មការី ដែលបានជ្រើសរើសយកទីតាំងអេកូទេសចរណ៍ព្រែកកោងកាង ជាទិសដៅសម្រាប់ការធ្វើសមាធិ លោកស្រេង ហៃសុខ សូមអំពាវនាវឲ្យបងប្អូនពុទ្ធបរិស័ទទាំងមេត្តាបន្ដការគាំទ្រដល់ សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង។

កម្មវិធីសមាធិនារាត្រីចន្ទពេញបូរមី បានបញ្ចប់ដោយក្ដីសោមនស្សរីករាយ ប្រកបដោយបុញ្ញកុសល និងសទ្ធាជ្រះថ្លា នាព្រឹកថ្ងៃ១៤កើតខែបុស្សឆ្នាំរោងពុទ្ធសករាជ២០២៥ ត្រូវនឹងថ្ងៃទី១៤មករាឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង