អ្នកភូមិចំណុះជើងវត្តអាធ្វា រៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមឿង តាមទំនៀមបុរាណ

ខេត្តសៀមរាប ៖ ប្រជា​ពលរដ្ឋ បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ២យប់ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ទី២៣ ខែឧសភា ឆ្នាំ២០២៤ អ្នកភូមិជើងវត្តអាធ្វា បានរៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមមឿង តាមទំនៀមបុរាណ ដែលតែងតែប្រារព្ធធ្វើឡើង ក្នុងគោលបំណងឧទ្ទិសកុសល់ដល់បុព្វការីជនទាំង ៧សន្តាន ផ្តាច់កម្មផ្តាច់ពៀរសុំសេចក្តីសុខ ដោយប្រារព្ធភ្ជាប់ នូវពិធីបុណ្យពិសាខបូជាផង។

លោកព្រឹទ្ធាចារ្យ ម៉ក់ សារ៉ម អាយុ ៧៧ឆ្នាំ ឱ្យដឹងថា កម្មវិធីបុណ្យនេះបានបន្តធ្វើឡើងតាមទំនៀមទម្លាប់បុរាណរៀងមក ដោយធ្វើឡើងនៅទួលតាមឿង និងកំណត់យកថ្ងៃពេញបូរណ៌មី ខែពិសាខបូជា មានចំនួន៣ថ្ងៃ ២យប់។

លោកតា បន្តថា កិច្ចពិធីមាននៅក្នុងថ្ងៃទី១ គឺឡើងរោង រៀបចំគ្រឿងរណ្តាប់ គ្រឿងសក្ការបូជាផ្សេងៗសម្រាប់ប្រើប្រាស់។ នាពេលរសៀលធ្វើកិច្ចពិធីបួងសួង បើកព្រះនេត្រព្រះ និងចម្រើនព្រះបរិត្ត។ ថ្ងៃទី២ ព្រឹកឡើងរៀបចំពិធីឆ្លង រួមមានឆ្លងព្រះ ឆ្លងភ្នំខ្សាច់ និងទេសនាអានិសង្ឃភ្នំខ្សាច់។ លុះល្ងាចឡើងរៀបចំសូត្រមន្ត ឆាន់ដាទក្ខិណានុប្បទាន ជូនដល់ដូនតា ដែលអនិច្ចកម្មទៅ។ មិនថាតែញាតិ ឬអញាតិ ដែលអនិច្ចកម្មទាំងប៉ុន្មាន ដូចជាអ្នកបានតស៊ូ ក្នុងកិច្ចការពារប្រទេសជាតិ ក៏មកទទួលអនុមោទនាបានដូចគ្នា។ ថ្ងៃទី៣ ព្រឹកឡើង ឆាន់ដាឆ្លង ផ្សឹកភ្នំខ្សាច់ និងរាប់បាត្រជាកិច្ច នៃការបង្ហើយបុណ្យ។

ក្នុងកម្មពិធីនេះ មានភាពអធិកអធមក្រៃលែង។ ប្រជាពលរដ្ឋប្រុស-ស្រី ចាស់-ក្មេង ចំណុះជើងវត្តអាធ្វា រួមមាន ភូមិក្រសាំងរលើង ភូមិទ្រាក ភូមិដូនវង ភូមិធំ ភូមិកក្រាញ់ ភូមិស្ពានជ្រាវ មករៀបចំធ្វើរោងបុណ្យ រៀបចំគ្រឿងសក្ការបូជា ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ម្ហូបអាហារ សម្រាប់ទទួលភ្ញៀវ ដែលមកចូលរួមក្នុងពិធីបុណ្យ និងធ្វើកិច្ចនៅក្នុងពិធីតាមសទ្ធាជ្រះថ្លាយ៉ាងច្រើនកុះករ ដែលជាទំនៀម របស់អ្នកភូមិចំណុះវត្តអធ្វាតែងតែមូលមាត់គ្នា ប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ៕

អត្ថបទ និងរូបភាព: លោក យី សុថា

អត្ថបទដែលជាប់ទាក់ទង